(ភ្នំពេញ)៖ សហព័ន្ធកីឡាយានយន្ដកម្ពុជា បានប្រកាសរៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូ ដែលមានលក្ខណៈប្លែកមួយព្រឹត្តិការណ៍បន្ថែមទៀត មានឈ្មោះថា «ពានរង្វាន់ប្រណាំងម៉ូតូ KARA Cup Race» លើកទី១ ដែលគ្រោងនឹងធ្វើឡើង ២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី២៦-២៧ ខែមិនា ឆ្នាំ២០១៦ខាងមុខនេះ នៅលើទីលានមុខសាលមហោស្របកោះពេជ្រ ។
លោក សរ សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាយានយន្ដកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍ KARA Cup Race-2016 ថា នេះជាលើកដំបូងហើយ ដែលសហព័ន្ធ និងភ្នាក់ងាររៀបចំប្រណាំងយានយន្ដកម្ពុជា ឬហៅកាត់ថា KARA បានសហការគ្នាបង្កើតព្រឹត្តិការណ៍លក្ខណៈអន្ដរជាតិនេះឡើង ដើម្បីបង្កើនភាពទាក់ទាញ និងផ្សព្វផ្សាយពីសក្ដានុពលនៃកីឡាយានយន្ដកម្ពុជា ។
អគ្គលេខាធិការសហព័ន្ធរូបនេះ បានបញ្ជាក់ថា KARA Cup Race គឺជាព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប ដែលបណ្ដាប្រទេសរីកចម្រើនលើពិភពលោកបានរៀបចំជាយូរមកហើយ ។ អាស្រ័យហេតុនេះ ទើបសហព័ន្ធសម្រេចចិត្តរៀបចំឲ្យមានក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតឲ្យមានការប្រណាំងយានយន្ដកាន់តែសំបូរបែប និងយល់ដឹងពីបច្ចេកទេសបើកបរ ក៏ដូចជាបច្ចេកទេសប្រើប្រាស់យានយន្ដ ព្រមទាំងជាការបង្រួបបង្រួមអ្នកស្នេហាវិស័យកីឡាប្រណាំងយានយន្ដទូទាំងប្រទេសផងដែរ ។
ជាមួយគ្នានោះលោក ហូ សិទ្ធីគុណ តំណាងភ្នាក់ងាររៀបចំប្រណាំងយានយន្ដកម្ពុជា បានលើកឡើងថា ថ្វីត្បិតនេះជាលើកដំបូង នៃការរៀបចំព្រឹត្តិការណ៍ KARA Cup Race ប៉ុន្ដែលោកមានជំនឿចិត្តថា នឹងទទួលបានជោគជ័យ ព្រោះលោកសំអាងលើទីតាំងនៃការប្រកួត ស្របជាមួយភាពរីកចម្រើននៃវិស័យកីឡាយានយន្ដកម្ពុជា ហើយម្យ៉ាងវិញទៀត ការប្រកួតណាំងម៉ូតូលើវាលរាបនេះ ក៏ជាំព្រឹត្តិការណ៍មួយពេញនិយមលើពិភពលោកដែរ ។
លោកបានបន្ថែមថា ជុំវិញការរៀបចំនេះ គណៈកម្មការត្រៀមវិញ្ញាសា ៥ប្រភេទ សម្រាប់កីឡាករ-កីឡាការិនីធ្វើការប្រកួតប្រជែង រួមមានប្រភេទម៉ូតូកែឆ្នៃ កម្លាំងក្រោម ១៣៥CC, ប្រភេទម៉ូតូប្រើអំប៊្រីយ៉ាង មានកម្លាំងម៉ាស៊ីនចន្លោះ ១២៥CC ដល់ ១៣៥CC, ប្រភេទម៉ូតូប្រើចង្កិះលេខ កម្លាំងមិនលើស ១២៥CC, ម៉ូតូប្រើលេខអូតូ កម្លាំងត្រឹម ១២៥CC និងវិញ្ញាសាម៉ូតូប្រើលេខអូតូ កម្ដៅចន្លោះពី ១១០CC ដល់ ១១៥CC ។
លោក បន្ថែមថា ចំពោះលក្ខខណ្ឌចុះឈ្មោះចូលរួមវិញ គឺកីឡាករ-កីឡាការិនីត្រូវមានអាយុចាប់ពី ១៦ឆ្នាំឡើង ហើយការចុះឈ្មោះម្នាក់ត្រូវបង់ ១០០ដុល្លារ ដើម្បីទទួលបានសិទ្ធិចូលរួម និងទទួលបានសម្ភារៈមួយចំនួនទៀត ៕