(មណ្ឌលគិរី)៖ តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ក៏ត្រូវបានអ្នកវិទ្យាសាស្រ្តអន្តរជាតិចាត់បញ្ចូលក្នុងបញ្ជីសកលនៃតំបន់អេកូឡូស៊ី ដែលមានតម្លៃជីវៈចម្រុះខ្ពស់ជាសកលចំនួន ២០០តំបន់ សម្រាប់ការអភិរក្សធនធានធម្មជាតិ ជាសកល ដែលត្រូវបានទទួលស្គាល់អនុវត្តដោយអង្គការ WWF និងបណ្តាអង្គការធំៗផ្សេងៗទៀតនៅលើសកលលោក។
ត្រង់ចំណុចនេះហើយ ក្រុមអ្នកជំនាញផ្នែកអភិរក្ស និងស្រាវជ្រាវធនធានធម្មជាតិ បានចាត់ទុកព្រៃរបោះនៅតំបន់ទេសភាពខ្ពង់រាបខាងកើត នៃប្រទេសកម្ពុជា គឺជាក្តីរំពឹងចុងក្រោយ សម្រាប់វត្តមានពពួកសត្វព្រៃកម្រ កំពុងរងការគំរាមកំហែង និងជិតផុតពូជនៅលើពិភពលោក។
លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ព្រៃរបោះដែលមានក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃស្រែពកស្ថិតក្នុងខេត្តមណ្ឌលគិរី គឺជាកន្លែងផ្តល់ជម្រក ចំណី និងការបង្កពូជដល់សត្វព្រៃ ដែលកំពុងទទួលរងការគម្រាមកំហែងជាសកលជាច្រើនប្រភេទ រាប់បញ្ចូលទាំងប្រភេទរងគ្រោះជិតផុតពូជរួមមាន៖ សត្វទន្សោង ដំរីអាស៊ី ក្រពើភ្នំ ខ្លារខិន សត្វត្រយង សត្វត្មាត ក្ងោកបៃតង សត្វរមាំង ខ្ទីង ឈ្លួស ប្រើស និងពពួកពានរផងដែរ។
លោក សេង ទៀក បានបន្តថា កាលពីប្រមាណជាង៥០ឆ្នាំមុន ប្រភេទសត្វតិណាសីធំៗដូចជា គោព្រៃ ដំរីអាស៊ី និងរមាំង ក៏ដូចជាប្រភេទសត្វមំសាសីរួមមានខ្លាធំ និងខ្លារខិន មានចំនួនយ៉ាងច្រើនរស់នៅក្នុងតំបន់ព្រៃរបោះភាគ ខាងជើង និងភាគឥសាន្តនៃប្រទេសកម្ពុជា ដែលអ្នកវិទ្យាសាស្ត្របានប្រៀបធៀបតំបន់អេកូឡូស៊ីនេះ ទៅនឹងតំបន់ព្រៃធម្មជាតិនៃប្រទេសអាហ្វ្រិកខាងកើត។ ប៉ុន្តែការបាត់បង់ទីជម្រក និងការបរបាញ់ខុសច្បាប់ បានធ្វើឱ្យចំនួនសត្វព្រៃ និងធនធានជីវៈចម្រុះធ្លាក់ចុះយ៉ាងខ្លាំង។
ទន្ទឹមនឹងនេះដែរលោក សេង ទៀក ព្យាករថា ចំនួនសត្វព្រៃអាចនឹងកើនឡើងវិញប្រមាណ៣០ភាគរយ ក្នុងរយៈពេល១០ឆ្នាំខាងមុខ បើសិនជាមានវិធានការការពារទាន់ពេលវេលា តាមរយៈការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ទៅលើអ្នកបរបាញ់ និងកាប់ព្រៃឈើធម្មជាតិ។
ថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសចុះពិនិត្យការអនុវត្តច្បាប់ និងការពារព្រៃឈើ និងសត្វព្រៃនៅស្នូលនៃដែនជម្រកសត្វព្រៃស្រែពក នៅចុងសប្តាហ៍នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូដទៃផ្សេងៗទៀត បាននឹងកំពុងពង្រឹងការគ្រប់គ្រង និងថែរក្សាធនធានជីវៈចម្រុះដ៏សម្បូរបែប តំបន់ទេសភាពខ្ពង់រាបខាងកើតមានដូចជា៖ នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃកែវសីមា។
លោកបានបន្តថា ដែនជម្រកសត្វព្រៃស្រែពក ជាឧទាហរណ៍មួយនៃការគ្រប់គ្រងព្រៃឈើ និងសត្វព្រៃបានល្អ ខណៈតំបន់នេះត្រូវបានចុះបញ្ជីជាដីកម្មសិទ្ធិរដ្ឋ និងមិនអនុញ្ញាតឱ្យអ្នកគ្មានភារកិច្ចចូលទៅកាន់តំបន់ស្នូលនៃដែនជម្រក សត្វព្រៃនេះ។ លោកបានឱ្យដឹងថា តំបន់ដែនជម្រកសត្វព្រៃស្រែពក ជាចំណុចសំខាន់នៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ហើយជាតំបន់ព្រៃរបោះដែលមានសារៈសំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ី ជាពិសេសសត្វព្រៃតែម្តង។
លោកបានបន្តថា បើតាមរបាយការណ៍សិក្សារួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការ WWF បានឱ្យដឹងថា រយៈពេល១០ឆ្នាំចុងក្រោយនេះ ចំនួនសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃស្រែកពក និងភ្នំព្រេច បានការធ្លាក់ចុះត្រង់ចំណុចនេះ គឺបណ្តាលមកពីការបាត់បង់ទីជម្រក ការបរបាញ់ ការដាក់អន្ទាក់ និងកត្តាផ្សេងៗមួយចំនួនទៀត។ លោកថាក្រសួងបរិស្ថាន និងអង្គការដៃគូ គឺអង្គការ WWF បានខិតខំធ្វើកិច្ចការងារសំខាន់ៗ ដើម្បីការពារទប់ស្កាត់ធនធានធម្មជាតិ ដូចជាការកាប់ព្រៃឈើដែលជាទីជម្រកដោយខុសច្បាប់ ដើម្បីធ្វើជាកម្មសិទ្ធិ និងការពង្រឹងការការពារ និងអភិរក្សសត្វព្រៃនៅក្នុងតំបន់ទាំងអស់នេះ។
ទន្ទឹមនឹងនេះលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អ្វីដែល ក្រសួងបរិស្ថាន និងអង្គការ WWF បានគិតគូរួមគ្នា ពីព្រោះសត្វព្រៃកម្រ ប្រភេទគំរាមកំហែង និងជិតផុតពូជនៅលើពិភពលោកកំពុងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដោយរកវិធីសាស្ត្រ ដើម្បីធានានិរន្តភាពនៃប្រភេទពូជដែលកំពុងរងការគំរាមកំហែងនៅក្នុង ប្រទេសកម្ពុជា។ ដូច្នេះ កិច្ចការងារនេះ គឺមានសារៈសំខាន់ និងជាការងារអត្ថិភាព ព្រមទាំងមិនទាន់ហួសពេលនោះទេ ក៏ប៉ុន្តែ វាជាពេលវេលាមួយត្រូវការគិតគូមុនប្រភេទសត្វមួយចំនួនដែលស្ថិតនូវរងការគំរាមកំហែង ត្រូវបានផុតពូជដោយសារតែមិនមានការបន្តពូជដោយសារទីតាំងនៅមានគម្លាតពីគ្នា និងការបរបាញ់ និងការដាក់អន្ទាក់ដែលជាផ្នែកមួយដ៏សំខាន់ ដែលទាមទារឱ្យមានគិតគូ ដើម្បីរក្សានិរន្តភាព សុវត្ថិភាពជីវចម្រុះដែលប្រទេសកម្ពុជាមាន។
បើតាយោងតាមរបាយការណ៍របស់ក្រុមអ្នកវិទ្យាសាស្ត្រ បានបង្ហាញថា បច្ចុប្បន្ន សម្រាប់តំបន់អាស៊ីអាគ្នេយ៍ តំបន់ធនធានព្រៃរបោះដែលនៅសេសសល់ក្នុងសភាពតភ្ជាប់គ្នាតាន់តាប់ល្អ និងធំជាងគេ គឺស្ថិតនៅភាគឥសាន្តនៃប្រទេសកម្ពុជា ហើយដែលត្រូវបានគេផ្តល់ឈ្មោះថា ជាតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត។ តំបន់នេះជាតំបន់មួយស្ថិតក្នុងចំណោមតំបន់អេកូឡូស៊ីដែលមានតម្លៃជីវៈចម្រុះខ្ពស់ចំនួន៨ សម្រាប់កម្មវិធីអភិរក្សអាទិភាពក្នុងតំបន់មេគង្គរបស់អង្គការ WWF។
ដោយឡែកកញ្ញា Milou Groenenberg ប្រធានផ្នែកតាមដាន និងស្រាវជ្រាវជីវៈចម្រុះនៃអង្គការ WWF បានឱ្យដឹងថា ចំនួនសត្វព្រៃដ៏កម្រ និងងាយរងគ្រោះជាច្រើនដូចជា៖ ទន្សោង, ឈ្លូស, ជ្រូកព្រៃ, ប្រើស, រមាំង ខ្ទីង ត្រូវបានថតរូបភាពបានដោយម៉ាស៊ីនកាម៉េរាស្វ័យប្រវត្តិ ក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក និងក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។
បើតាមលោក ប៉ែន ភក្រ្តា នាយកគ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពក បានឱ្យដឹងថា បច្ចុប្បន្ន មន្ត្រីឧទ្យានុរក្សចំនួន៥១ សត្តរក្សចំនួន ៤៦នាក់ និងក្រុមល្បាតសហគមន៍ចំនួន ៥៨៨នាក់ បានបង្កើនសមត្ថភាព និសកម្មភាពចុះត្បាត និងការពារធនធានជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃស្រែពកដែលមានផ្ទៃដីសរុបប្រមាណ ៦ម៉ឺនគីឡូម៉ែត្រការ៉េ។ សកម្មភាពអនុវត្តច្បាប់មានដូចជា៖ ការបង្ហោះដ្រូនសម្រាប់ការឈ្លបយកព័ត៌មាន និងជំនួយដល់ការល្បាត គួបផ្សំការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលអាចបង្កើនការដោះអន្ទាក់ និងបង្រ្កាបការកាប់ឈើខុសច្បាប់ក្នុងតំបន់ការពារ។
របាយការណ៍បានពីការតាមដាន និងស្រាវជ្រាវជីវៈចម្រុះនៃអង្គការ WWF បានបង្ហាញថា រយៈពេល១០ឆ្នាំចុងក្រោយនេះ សត្វព្រៃប្រភេទក្រចកជើងចំពាមមានដូចជា៖ ទន្សោង ឈ្លូស ជ្រូកព្រៃ ប្រើស រមាំង ខ្ទីង ជាដើមនេះ មានចំនួនកាន់តែតិចទៅៗនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក និងក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។ កត្តាដែលនាំឱ្យពពួកសត្វទាំងនេះថយចុះ គឺដោយសារបញ្ហាបាត់បង់ព្រៃជម្រក ការដាក់អន្ទាក់ ការប្រមាញ់ខុសច្បាប់ និងការជួញដូរ និងបញ្ហាកង្វះប្រភពទឹក៕