(ភ្នំពេញ)៖ សាលាអន្ដរជាតិញ៉ូវយ៉ក នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបើកសិក្ខាសាលាស្ដីពី ការបង្កើន និងជំរុញ សមត្ថភាពគ្រូបង្រៀន ដែលធ្វើការបណ្តុះបណ្តាល ដោយលោក Oliver Bayley ដែលជាប្រធានគ្រប់គ្រងសេវាអប់រំ Oxford University Press នៃចក្រភពអង់គ្លេស។
លោក Oliver Bayley បានថ្លែងថា ថ្ងៃនេះ លោកបានបង្ហាញពីវិធីសាស្ត្របង្រៀនភាសាអង់គ្លេសល្អៗ និងចែករំលែកពីគន្លឹះធ្វើយ៉ាងណាឲ្យការបង្រៀនភាសាអង់គ្លេសរបស់លោគ្រូ អ្នកគ្រូនៅទីនេះផ្ទាល់ បានបន្ដទៅបង្រៀនសិស្សរបស់ខ្លួន ងាយយល់ ងាយចេះ រស់រវើក ដោយគ្មានភាពខ្មាសអៀន ដើម្បីឈានទៅអនាគតដ៏ភ្លឺស្វាងមួយ ពេលដែលបានបញ្ចប់ការសិក្សានៅទីនេះ ។
លោក បន្ដថា «ជាក់ស្ដែង សិក្ខាសាលាថ្ងៃនេះ ខ្ញុំបានលើកយកពីការប្រើប្រាស់ចម្រៀងនិងសូត្រចង្វាក់ ឲ្យបានល្អប្រសើរ នៅថ្នាក់បឋមសិក្សាភាសាអង់គ្លេសនៃការបង្រៀនបែបថ្មី និង វិធីសាស្រ្តបង្រៀនបែបទំនើប នាសតវត្សរ៍ទី ២១ សម្រាប់សិស្សផងដែរ ដែលវិធីសាស្រ្ដនេះ នឹងអាចយកទៅបង្រៀនកូនសិស្សបន្ដបាន យ៉ាងមានប្រសិទ្ធិភាពខ្ពស់ ព្រោះថា នេះជាផ្នែកមួយដែលធ្វើសិស្សកម្ពុជា មានភាពក្លាហ៊ាន តាំងពីវ័យក្មេង ភាពជឿជាក់ ចេះស្វែងយល់ឆាប់រហ័ស រួមទាំងជាគ្រឹះមួយដ៏រឹងមាំទៅថ្ងៃអនាគតផងដែរ»។
ទន្ទឹមនឹងនោះ លោក លី ចាន់ណារិទ្ធ នាយកចាត់ការទូទៅនៃក្រុមហ៊ុន AG Education បានលើកឡើងដែរថា ដើម្បីឲ្យការបង្រៀនភាសាអង់គ្លេសមានប្រសិទ្ធភាព គ្រូត្រូវមានសមត្ថភាពលើការប្រើប្រាស់ភាសាអង់គ្លេសបានល្អជាមុនសិន ហើយត្រូវឆន្ទៈខ្ពស់ក្នុងការបង្រៀន និងលើកទឹកចិត្តឲ្យសិស្សដែលរៀនជាមួយទទួលបានចំណេះពេញលេញ។
លោក បន្ដថា «លើសពីនេះ គ្រូត្រូវមានសិល្បៈក្នុងការផ្ទេរចំណេះដឹងទៅដល់សិស្ស ក៏ដូចជាមានភាពក្លាហាន ទំនុកចិត្តក្នុងការសំដែងកាយវិការ ដើម្បីបង្កើតបរិយាកាសសិក្សាល្អដល់សិស្ស ហើយដើម្បីក្លាយជាគ្រូដែលមានសមត្ថភាពក្នុងការបង្រៀនបានល្អ ត្រូវតែសិក្សាស្រាវជ្រាវបន្ថែមនូវចំណេះដឹងថ្មីៗតាមរយៈការអានសៀវភៅ ចូលរួមវគ្គបណ្តុះបណ្តាល ពិភាក្សាគ្នាជាមួយមិត្តរួមអាជីព និងInternet។ ហេតុនេះហើយ ទើបសាលាអន្តរជាតិញូវយ៉ក តែងតែរៀបចំសិក្ខាសាលា ជារៀងរាល់ឆ្នាំ ដោយអញ្ជើញគ្រូបណ្តុះបណ្តាលល្បីៗ ពី Oxford University Press នៃចក្រភពអង់គ្លេស»។
គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធីសិក្ខាសាលាដែលបានប្រារព្ធឡើងនេះ មានការចូលរួមពីលោកគ្រូ អ្នកគ្រូ ទាំងនៅរាជធានីភ្នំពេញ និងបណ្តាសាខាខេត្ត នៃសាលាអន្តរជាតិញូវយ៉ក៕