(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ បន្តចុះធ្វើសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ក៏បានជួបក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន ១៣នាក់ បានឈប់យាន្តជំនះរបស់ខ្លួន ហើយទៅបន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ និងបង្កឲ្យមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ។

លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា «ភ្លាមៗនោះ កម្លាំងយើងក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និងបានឲ្យពួកគាត់ធ្វើការបាញ់លាងសំអាតកន្លែង ដែលពួកគាត់បន្ទោបង់រួចទើបអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅវិញ»

រដ្ឋបាលខណ្ឌ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់ និងសូមរកកន្លែង បន្ទោបង់ឲ្យបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នក ចៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណៈជនផងដែរ៕