(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជានោះ បានចុះទស្សនកិច្ច នៅក្រុមហ៊ុន Google ព្រមទាំងក្រុមហ៊ុនធំៗជាច្រើនទៀតរបស់អាមេរិក នៅទីក្រុងសាន់ហ្រ្វាន់ស៊ីសស្កូ និង Silicon Valley ក្នុងរដ្ឋកាលីហ្វញ៉ា ដែលការទស្សនកិច្ច ក្នុងបំណងសិក្សាស្វែងយល់ និងជាឱកាសទាក់ទាញការវិនិយោគពីបណ្តាក្រុមហ៊ុនទាំងនោះផងដែរ។
ដំណើរទស្សនកិច្ចបានធ្វើឡើងក្នុងអំឡុងពេលលោកទេសរដ្ឋមន្រ្តី បានអញ្ជើញអមដំណើរនាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរដ្ឋកាលីហ្វញ៉ា កាលពីថ្ងៃទី១៥-១៦ ខែកុម្ភៈ កន្លងទៅនេះ។ បើទោះបីកិច្ច ប្រជុំកំពូលអាស៊ាន-អាមេរិក បានបញ្ចប់គណៈប្រតិភូមបានត្រឡប់មកវិញហើយក្តី តែលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ ក្នុងនាមជារដ្ឋ មន្រ្តីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្រ្តីអាស៊ាន នៃប្រទេសសមាជិកអាស៊ានដទៃទៀត បាននៅបន្តស្នាក់នៅលើទឹកដីអាមេរិកជាច្រើនថ្ងៃ បន្ថែមទៀត ដើម្បីធ្វើទស្សនកិច្ចនៅតាមបណ្តាក្រុមហ៊ុននានា របស់អាមេរិក។
ក្រុមហ៊ុន ដែលរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន អញ្ជើញទៅបំពេញទស្សនកិច្ចនោះរួមមាន៖ ក្រុមហ៊ុន Google Inc, ក្រុមហ៊ុន Adreessen Horowitz, ក្រុមហ៊ុន Silver Spring Network, និង ក្រុមហ៊ុន Autodesk។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្រៅពីការបំពេញ ទស្សនកិច្ចរួមជាមួយរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក៏បានបំពេញទស្សនកិច្ចដាច់ដោយឡែកទៅកាន់ក្រុមហ៊ុន Archer Daniels Midland និង ក្រុមហ៊ុន Cargil ដែលជាក្រុមហ៊ុនផ្នែកកសិកម្ម ដ៏ធំបំផុតនៅសហរដ្ឋអាមេរិក។
ក្នុងដំណើរទស្សនកិច្ចនេះ ទាំងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ចុល និងមន្រ្តីមកពីតាមបណ្តាប្រទេសអាស៊ាន បានស្វែងយល់ពីដំណើរ ការ និង សក្តានុពលរបស់ក្រុមហ៊ុននីមួយៗ។ ដំណើរទស្សនកិច្ចនៅតាមបណ្តាក្រុមហ៊ុនទាំងនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានថ្លែងបង្ហាញពីបរិយាកាសវិនិយោគល្អៗនៅកម្ពុជា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងនោះឲ្យមកបណ្តាក់ ទុនរកស៊ីនៅកម្ពុជា។ បរិយាកាសវិនិយោគល្អៗ ដែលលោកទេសរដ្ឋមន្រ្តី លើកបង្ហាញនោះមានដូចជា៖ ស្ថេរភាពនយោបាយ ការ លើកទឹកចិត្តអ្នកវិនិយោគ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អ និងការនាំចេញដោយទទួលបានប្រព័ន្ធអនុគ្រោះពីប្រទេសជាច្រើនលើពិភពលោក។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងលោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតខ្មែរប្រចាំនៅសហរដ្ឋអាមេរិក ក៏បានជួបសំណេះសំណាល ការងារជាមួយលោកស្រី Catherine Novelli អនុរដ្ឋមន្រ្តីទទួលបន្ទុកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន នៃក្រសួងការបរទេស អាមេរិកផងដែរ ដើម្បីពិភាក្សារកមធ្យោបាយពង្រីកទំហំពាណិជ្ជកម្ម និង កាវិនិយោគរវាងប្រទេសទាំងពីរ។
លោកស្រី Novelli បានលើកទឹកចិត្តឲ្យកម្ពុជា ខិតខំបំពេញការងារបញ្ចប់សន្ធិសញ្ញាវិនិយោគទ្វេភាគី (BIT) រវាងសហរដ្ឋអាមេរិក និង កម្ពុជា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីជំរុញការវិនិយោគបន្ថែមពីសហរដ្ឋអាមេរិកមកកាន់កម្ពុជា។
ក្នុងជំនួបនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំការគាំទ្រពីលោកស្រីអនុរដ្ឋមន្រ្តី ដើម្បីលើកទឹកចិត្តឲ្យរដ្ឋាភិបាលសហរដ្ឋ អាមេរិកបន្ថយ ឬលុបចោលពន្ធគយសម្រាប់ការនាំចេញសម្លៀកបំពាក់កាត់ដេរ និង ស្បែកជើងពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក។ លើសពីនេះ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឲ្យកាត់បន្ថយពន្ធគយលើទំនិញ ដូចជាវ៉ាលី និងកាបូបឥវ៉ាន់ សម្រាប់ធ្វើដំណើរផងដែរ។
លោកស្រី បានយល់ព្រមពិនិត្យលើសំណើរបស់លោកទេសរដ្ឋមន្ត្រី និងបានគូសបញ្ជាក់ថា លោកស្រី នឹងធ្វើដំណើរមកកាន់ប្រទេស កម្ពុជា ដើម្បីវាយតម្លៃរកមធ្យោបាយពង្រីកទំហំពាណិជ្ជកម្ម និង ការវិនិយោគរវាងសហរដ្ឋអាមេរិក និង កម្ពុជា៕