(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការចាប់ឃាត់ខ្លួនស្រ្តីម្នាក់ ឈ្មោះ ផាត ចរិយា ដែលអតីតតួនាទីជាប្រធានគណនេយ្យ នៅក្រុមហ៊ុនបុរីពិភពថ្មី គ្រុប និងប្តីរបស់ខ្លួន នាំខ្លួនមកកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបើយោងតាមមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្លែងឲ្យដឹងយ៉ាងដូច្នេះ។

ការចាប់ខ្លួននេះធ្វើឡើងយោងតាមពាក្យបណ្ដឹងរបស់មេធាវីឈ្មោះ ប៉ិ វណ្ណៈ តំណាងស្របច្បាប់របស់ឧកញ៉ា ពីវ ម្ចាស់ក្រុមហ៊ុនពិភពថ្មី ដោយបានប្តឹងស្រ្តីឈ្មោះ ផាត ចរិយា បានលួចបន្លំលុយជាង៣៧មឺុនដុល្លារពីក្រុមហ៊ុន ឲ្យយកទៅឲ្យប្តី លេងល្បែងចាក់បាល់ រហូតចាញ់អស់រលីង។ ពេលនេះស្រ្តី ខាងលើ កំពុងត្រូវបានឃុំខ្លួននៅ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស​។

សូមជំរាបថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រុមហ៊ុន បុរីពិភពថ្មី គ្រុប បានចេញសេចក្តីប្រកាសជូនដំណឹង ដល់សាធារណៈជនជ្រាបថា៖ ឈ្មោះ ផាត ចរិយា ភេទស្រី ថ្ងៃខែឆ្នាំកំណើត ១៦-០៥-១៩៨៨ កាន់អត្តសញ្ញាណប័ណ្ណលេខៈ ១៦០៣៨១២៤១ ចុះថ្ងៃទី១២-០២-២០១៤ មានទីកន្លែងកំណើត ភូមិពេជបាន ឃុំលាច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ អាសយដ្ឋាន​បច្ចុប្បន្នផ្ទះ​លេខ៣បេ ផ្លូវលេខ៦០ ភូមិមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលពីមុនមានតួនាទី ជាប្រធានគណនេយ្យរបស់ក្រុមហ៊ុន ដែលបានលួចបន្លំលុយ ក្រុមហ៊ុន និងរំលោភលើសេចក្តីទំនុកចិត្ត។

ក្រុមហ៊ុនសូមប្រកាសថា រាល់ទង្វើដែលបុគ្គលនេះបានប្រព្រឹត្ត ក្រុមហ៊ុនមិនទទួលខុសត្រូវឡើយ៕