(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០២០-២០២១) និងដើមរដូវវស្សា ឆ្នាំ២០២១។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ។
ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក សូមជម្រាបជូនដំណឹង ដល់សាធារណជន ឲ្យបានជ្រាប អំពីស្ថានភាពអាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០២១ ដូចខាងក្រោម ៖
១- បាតុភូតសកល៖
ផ្អែកតាមការវាយតម្លៃពីអន្តរជាតិ ក៏ដូចជាតំបន់ស្តីពីស្ថានភាពសីតុណ្ហភាព លើផ្ទៃសមុទ្រប៉ាស៊ីហ្វិកក្បែរខ្សែអេក្វាទ័រ បានបង្ហាញឲ្យឃើញថា កម្ពុជាយើង នឹងទទួលនូវឥទ្ធិពលពីបាតុភូតអែនសូ (ENSO)។
ជាស្ថានភាពជាក់ស្តែង នាពេលបច្ចុប្បន្ន តាមរយៈនៃការវាយតម្លៃនេះ បាតុភូតធម្មជាតិដែលមានឥទ្ធិពល មកលើអាកាសធាតុព្រះរាជាណាចក្រកម្ពុជាមាន៖ បាតុភូត
La Nina (ត្រជាក់) មាន៥០% និង Neutral (ចន្លោះភាពក្តៅ និងត្រជាក់) មាន៥០%។
ពិនិត្យលើឥទ្ធិពល នៃបាតុភូតទាំងពីរ ខាងលើឃើញថា ស្ថានភាពអាកាសធាតុសម្រាប់ រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០២១នេះ នឹងអាចមានលក្ខណៈអំណោយផលល្អ។
២- រដូវប្រាំង ៖
២.១- សីតុណ្ហភាព៖
* សីតុណ្ហភាពអាចទាប ឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។
* នៅក្នុងខែកុម្ភៈ៖ បណ្តាខេត្តនៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា នឹងអាចស្ថិតនៅក្នុងរង្វង់ពី ១៦-១៩°C ។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពអប្បបរមា នឹងអាចស្ថិតនៅក្នុងរង្វង់ពី ១៣-១៦ °C ដោយឡែក សម្រាប់តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមានឹងអាចស្ថិតក្នុងរង្វង់ពី ១៩-២២ °C។
* ចាប់ពីខែមីនា ដល់ខែមេសា៖ ធាតុអាកាសនឹងកើនកម្តៅជាបន្តបន្ទាប់។
ក្នុងនោះ បណ្តាខេត្តនៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពមធ្យមអតិបរមាអាចនឹងកើនឡើងពី ៣៤-៣៧ °C។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពមធ្យម អតិបរមាអាចនឹងកើនឡើងពី ៣៣-៣៦ °C ដោយឡែកសម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអតិបរមា អាចនឹងកើនឡើងពី ៣០-៣៣ °C ។
* ខែមេសា និងដើមខែឧសភា៖ កម្រិតសីតុណ្ហភាពអតិបរមា អាចនឹងកើនឡើងខ្ពស់បំផុត ក្នុងរង្វង់៣៩ °C។
២.២- ទឹកភ្លៀង៖
* បរិមាណទឹកភ្លៀង អាចនឹងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។
* នៅក្នុងខែមីនា និងមេសា នឹងអាចមានភ្លៀងកក់ខែធ្លាក់ច្រើន និងអាចមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើន។
៣- ដើមរដូវវស្សា៖
* រដូវវស្សាឆ្នាំ២០២១ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី១ នៃខែឧសភា។
* នៅដើមរដូវវស្សា និងពាក់កណ្តាលរដូវវស្សា (ខែឧសភា មិថុនា កក្កដា និងសីហា) របាយទឹកភ្លៀង អាចមានកម្រិតពីមធ្យមទៅច្រើន ។
បើទោះបីនៅក្នុងខែមេសា និងដើមរដូវវស្សា អាចនឹងមានភ្លៀងកក់ខែច្រើន តែបរិមាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ។
អាស្រ័យហេតុនេះ សូមបន្តរក្សានិងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក៕