(ភ្នំពេញ)៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានលើកឡើងថា ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ មិត្តដែកថែប និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ។
ការលើកឡើងបែបនេះធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសនៃការបើកកិច្ចប្រជុំដំណាក់កាលទី២ រវាងលោក ចាន់ ឈុនស៊ាន (Zhang Chunxian) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងដោយមានការចូលរួមថ្លែងរបស់គណៈកម្មការជំនាញចំនួន៤ របស់រដ្ឋសភាកម្ពុជាទៅលើប្រធានបទផ្សេងៗ ដោយផ្តោតជាសំខាន់ទៅលើថា តើសមាជិកសភាមានតួនាទីយ៉ាងណានៅក្នុងបញ្ហានាពេលបច្ចុប្បន្ន ដូចជា៖ កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ផ្នែកច្បាប់លើការងារថែរក្សា ការពារបរិស្ថាន និងការអភិរក្សជីវៈចំរុះ សហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងមេរោគរាតត្បាតសកលកូវីដ១៩ ការស្តារសេដ្ឋកិច្ច ក្រោយវិបត្តិនៃមេរោគរាតត្បាតសកល COVID-19 និងសភាពការណ៍តំបន់ អន្តរជាតិ នាពេលបច្ចុប្បន្ន។
លោកស្រីលើកឡើងបែបនេះ បន្ទាប់ពីបានស្តាប់សារគន្លឹះរបស់ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ លោក លី ចាន់ស៊ូ ប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ ការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការលើកស្ទួយចំណងទាក់ទងទ្វេភាគីឲ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងយូរអង្វែងរបស់ប្រជាជាតិទាំងពីរកម្ពុជា-ចិន។
ក្នុងសុន្ទរកថាបើកកិច្ចប្រជុំដំណាក់កាលទី២ នេះផងដែរ លោកស្រី ក៏បានឆ្លៀតយកឱកាសនេះ អបអរសាទរភាពជោគជ័យជាសមិទ្ធផលបក្សកុម្មុយនិស្ត និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ប្រាជ្ញាឈ្លាសវៃរបស់ លោកប្រធានាធិបតី ស៉ី ជិនពីង ក្នុងការដឹកនាំនាវាចិនពុះពារឆ្លងកាត់រាល់ឧបសគ្គផ្សេងៗនាំមកនូវកំណើនសេដ្ឋកិច្ច គួរជាទីមោទនៈ ជាមួយនឹងវិទ្យាសាស្រ្តបច្ចេកទេស ដែលធ្វើឲ្យតួនាទីអន្តរជាតិរបស់ចិនត្រូវបានលើកកំពស់ជាងពេលណាៗទាំងអស់។
លោកស្រី បានគូសបញ្ជាក់បន្ថែមថា កិច្ចពិភាក្សារវាងសមាជិកសភានៃសភាទាំងពីរ បានប្រព្រឹត្តឡើងចំពេលដែលពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែងខ្ពស់មិនធ្លាប់ជួបប្រទះនៃសភាពការណ៍សកលលោក សភាពការណ៍តំបន់ ការគំរាមកំហែងនៃការរាតត្បាតជាសកលដោយមេរោគ COVID-19 ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ រួមទាំងជីវភាពរស់នៅរបស់មនុស្សជាតិ។
មុននឹងបញ្ចប់ការថ្លែងបើកកិច្ចប្រជុំដំណាក់កាលទី២នេះ លោកស្រីបានបង្ហាញនូវក្តីសង្ឃឹម និងជំនឿជាក់យ៉ាងមុតមាំទៅលើគុណតំលៃសកលរបស់មនុស្សជាតិ ដោយតាមរយៈការធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ សាមគ្គីភាពជាសកល ពិតជាចូលរួមដោះស្រាយវិបត្តិ ពិសេសលើបញ្ហាធំៗ ការប្រឈមជាសកល តាមរយៈស្ថាប័ន អង្គការអន្តរជាតិនានា ដូចដែលប្រទេសទាំងពីរ និងប្រទេសនានាលើសកលលោកកំពុងធ្វើ។
លោកស្រី បានសង្កត់ធ្ងន់ថា «ក្នុងពេលដ៏លំបាក ក្នុងពេលមានអាសន្ន យើងនឹងអាចរកបានមិត្តពិតប្រាកដ ដូចជាសុភាសិតខ្មែរនិយាយថា «មិត្តពិតជួយគ្នាក្នុងគ្រាក្រ គ្រាមានអាសន្ន»។ ដូចនេះ ក្នុងបរិបទ Covid-19 មិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរចិន-កម្ពុជា កាន់តែរឹងមាំបន្ថែមទៀត»៕