(ក្រចេះ)៖ ព្រះសេរីសម្ភារ៍ អេង ផល្លា ត្រូវបានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សម្រេចប្រគល់តំណែងជាចៅអធិការវត្តព្រះវិហារសសរ១០០ ដើម្បីដឹកនាំគ្រប់គ្រង និងទទួលខុសត្រូវសាជាថ្មីរាល់ភារកិច្ចទាំងឡាយ លើការងារសាងសង់ ការងារសាលាពុទ្ធិកសិក្សាក្នុងវត្ត អប់រំភិក្ខុសាមណេរឲ្យស្ថិតនៅក្នុងធម៌វិន័យ និងថែរក្សាពេលកភ័ណ្ឌ និងគរុភ័ណ្ឌក្នុងវត្តចាប់ពីខែមករា ឆ្នាំ២០២១នេះតទៅ ។
ការប្រកាសប្រគល់តំណែងព្រះសេរីសម្ភារ៍ អេង ផល្លា ជាចៅអធិការវត្តព្រះវិហារធំសសរ១០០ ដោយយោងតាមស្មារតីអង្គប្រជុំរបស់គណៈសង្ឃនាយកចុះថ្ងៃទី៩ ខែមករាឆ្នាំ ២០២១ និងបានរៀបចំពិធីប្រកាសកាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពព្រះឃោសធម្ម លន់ សុគន្ធា អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក។
ព្រះឃោសធម្ម លន់ សុគន្ធា មានសង្ឃដីការថា គណៈសង្ឃនាយកបានសម្រេច តែងតាំងព្រះសេរីសម្ភារ៍ អេង ផល្លា ឲ្យទៅដឹកនាំគង់នៅវត្តព្រះវិហារធំ គឺដូចមាននៅក្នុងសេចក្តី នៃសង្ឃប្រកាស បានចែងច្បាស់អំពីការដាក់ ព្រះវិហារសសរ១០០ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា រហូតដល់ទទួលបាននូវភាពប្រក្រតី និងស្ថិរភាពល្អ គណៈសង្ឃនាយក និងប្រគល់វត្តនេះជូនដល់គណៈសង្ឃមូលដ្ឋាន ខេត្តក្រចេះគ្រប់គ្រងវិញ។
សម្ដេចព្រះឃោសធម្ម លន់ សុគន្ធា ស្នើសូមឲ្យសូមព្រះសង្ឃ គណៈកម្មការចារ្យ និងពុទ្ធបរិស័ចំណុះជើងវត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវសិក្សាស្វែងយល់អំពីការដាក់វត្តនេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចបញ្ជាក់ថា មូលហេតុ នៃការដាក់វត្តនេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈសង្ឃនាយក ដោយសារកន្លងទៅមានការអធិករណ៍កើតឡើងប៉ុន្មានលើកមកហើយ តែដោះស្រាយមិនចេញ ប៉ុន្តែក្រោយពីមានការប្រជុំសម្រប សម្រួលដោះស្រាយ គណៈសង្ឃនាយក ក៏បានសម្រេចប្រគល់ដំណើរការព្រះសេរីសម្ភារ៍ អេង ផល្លា ឲ្យបន្តដឹកនាំធ្វើជាចៅព្រះអធិការវត្ត។
ជាមួយនិងការចូលរួមអបអរសាទរគាំទ្រលើកទឹកចិត្តព្រះតេជគណព្រះគ្រូ អេង ផល្លា ក្នុងពិធីប្រកាសតែងតាំងនោះដែរ ក៏មានការអញ្ជើញចូលរួម ពីគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្ត កងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន។
សូមបញ្ជាក់ថា មុនការប្រគល់តំណែងឡើងវិញនេះ ព្រះតេជគុណ អេង ផល្លា ក៏មានការតវ៉ា និងការមិនពេញចិត្តពីសំណាក់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងគណៈកម្មការ និងអាចារ្យវត្ត។
កាលពីអំឡុងខែសីហា ឆ្នាំ២០២០ ប្រជាពុទ្ធបរិស័ទ បានការតវ៉ា និងសុំឱ្យដកតួនាទីព្រះចៅអធិការវត្តវិហារសសរ១០០ ពីព្រះតេជគុណ អេង ផល្លា ដោយពួកគេបានលើកឡើងថា ព្រះអង្គបានប្រើប្រាស់ថវិកាជាបច្ច័យវត្តខ្វះតម្លាភាព និងប្រើសម្រាប់កិច្ចការផ្ទាល់ខ្លួនជាដើម។ ក្រោយផ្ទុះអធិករណ៍ និងការតវ៉ានោះ សម្តេចសង្ឃនាយក នន្ទ ង៉ែត បានសម្រេចបញ្ចប់មុខតំណែងព្រះតេជគុណ អេង ផល្លា ពីចៅអធិការវត្តព្រះវិហារធំសសរ១០០ និងបានព្យួរតួនាទីពីអនុគណស្រុកសំបូរថែមទៀត៕