(បន្ទាយមានជ័យ)៖ បន្ទាប់ពីទទួលបានព័ត៌មាន ស្តីអំពីករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ៣គ្រួសារ នៅស្រុកម៉ាឡៃ ដែលនាំបំផ្លាញអស់ទ្រព្យសម្បត្តិទាំងស្រុង និងគ្មានទីជំរក សម្រាប់ការស្នាក់អាស្រ័យនោះ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានដឹកនាំគណៈប្រតិភូ នាំយកអំណោយ ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទាំងនោះ ដើម្បីបន្តការរស់ ប្រចាំថ្ងៃទៅមុខទៀត។
នៅក្នុងពិធីចែកអំណោយខាងលើនេះ ក៏មានការអញ្ជើញ ចូលរួមពីមេបញ្ជាការវរ៨១៥ អធិការនគរបាល ស្រុកម៉ាឡៃ ព្រះចៅអធិការវត្តចំនួន២ នៅស្រុកម៉ាឡៃ និងក្រោយមកក៏មានវត្តមានលោក លី សារី អភិបាលរងខេត្តផងដែរ។
លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធាន ក្រុមការងារថ្នាក់ជាតិចុះ ជួយខេត្តបន្ទាយមានជ័យ ដែលក្នុងមួយគ្រួសារៗ ទទួលបាន ថវិកាជិត៦០ម៉ឺនរៀល អង្ករ តង់ ស័ង្កសី គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ នៅក្នុងផ្ទះជាច្រើនផ្សេងទៀត។
លោកស្នងការបានផ្តាំផ្ញើ ការសួរសុខទុក្ខពី ប្រមុខរាជរដ្ឋាភិបាល និងលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដែលតែងតែយកចិត្តទុក ដាក់ចំពោះប្រជាពលរដ្ឋ គ្រប់ពេលវេលាជាពិសេសនៅពេលដែល មានគ្រោះថ្នាក់ផ្សេងៗ កើតឡើងចំពោះ ពួកគេ។
ជាការឆ្លើយតបប្រជាពលរដ្ឋទាំងនោះ បានបង្ហាញការ រំភើបយ៉ាងខ្លាំង ដោយសំរក់ទឹកភ្នែកចំពោះការគិតគូរបស់ថ្នាក់ដឹកនាំបែបនេះ។ សម្រាប់បញ្ហាផ្ទះសម្បែងវិញ លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា លោកត្រៀម រៀបចំឲ្យកងកម្លាំងរបស់ខ្លួនជួយសាងសង់ផ្ទះពួកគាត់ឡើងវិញនាពេលខាងមុខ។ សូមបញ្ជាក់ថា ផ្ទះ៣ខ្នងធ្វើអំពីឈើប្រកស័ង្កសី ត្រូវបានអគ្គិភ័យ ឆាបឆេះអស់ទាំងស្រុង នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិទំនុប ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
មន្ត្រីមូលដ្នាននគបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ជនរងគ្រោះដែលផ្ទះត្រូវភ្លើងឆេះនោះ មាន៣គ្រួសារទី១-ឈ្មោះ ភឿន ប៊ន ភេទស្រីអាយុ៥៦ឆ្នាំ ប្តីឈ្មោះ ថូ ផាត អាយុ៥០ឆ្នាំ ផ្ទះដែលភ្លើងឆេះនោះ មានទំហំ៦ម៉ែត្រគុណ និង៨ម៉ែត្រ ធ្វើអំពីឈើប្រកដំបូលស័ង្កសី សម្ភារៈក្នុងផ្ទះឆេះអស់ និងប្រាក់ចំនួន៨០០០០បាត, ទី២-មានឈ្មោះ អន សុខន ភេទស្រី អាយុ៣៤ឆ្នាំ មេម៉ាយពិការជើង ឆេះផ្ទះ១ខ្នង មានទំហំ៤ម៉ែត្រគុណនឹង៣ម៉ែត្រ សម្ភារៈក្នុងផ្ទះឆេះអស់ និងទី៣-មានឈ្មោះ អន រ៉ាន់ ភេទប្រុស អាយុ៨៦ឆ្នាំ ឆេះផ្ទះអស់១ខ្នង មានទំហំ៥ម៉ែត្រគុណនឹង៤ម៉ែត្រ សម្ភារៈក្នុងផ្ទះឆេះអស់ និងប្រាក់ចំនួន៤០០០បាតភ្លើងឆេះនោះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សទេ។
មន្ត្រីនគបាលមូលដ្ឋាន បានបញ្ជាក់ទៀតថា មូលហេតុបណ្តាលឲ្យមានភ្លើងឆេះ គឺដើមហេតុមកពីក្មេងលេងភ្លើង ទើបធ្វើឲ្យឆេះផ្ទះ ឈ្មោះ អន សុខន មុនដោយសារនៅតាមស្រុកស្រែ គ្មានរថយន្តអគ្គីសភ័យ ចូលមកពន្លត់បាន ទើបធ្វើឲ្យរាលដាលឆេះផ្ទះ សងខាង២បន្ថែមទៀត៕