(កណ្ដាល)៖ នគរបាល នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដឹកនាំដោយលោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងរបស់ខ្លួនចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមមូលដ្ឋានក្រុងតាខ្មៅ ពិសេសចុះអប់រំដល់បណ្ដាក្រុមតាក់ស៊ី អ្នករត់ម៉ូតូកង់បីឬហៅថា PassApp ដែលចតគ្មានសណ្ដាប់ធ្នាប់រញ៉េរញ៉ៃពេញផ្លូវ ដើម្បីឲ្យពួកគាត់ចេះមានការទទួលខុសត្រូវនៅក្នុងការប្រកបអាជីវកម្មលក់ដូរពិសេសនោះគឺ អប់រំដល់អ្នកបើករថយន្តឲ្យចតមានសណ្ដាប់ធ្នាប់ ។
សម្មភាពនេះបានធ្វើឡើងនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចរង្វង់មូលតាម៉ៅ និងតាមបណ្ដាផ្លូវជាតិសំខាន់ៗផ្សេងទៀត ក្នុងទិសដៅរៀបចំសណ្ដាប់ធ្នាប់ និងអប់រំបងប្អូនប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងនិងចូលរួមអនុវត្តន៍ទាំងអស់ឱ្យមានប្រសិទ្ធភាព។
អធិការនគរបាល យី វណ្ណដា បានឲ្យភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលដឹងថា ដោយសារតែស្ថានភាពផ្លូវនៅក្នុងមូលដ្ឋានក្រុងតាខ្មៅមើលឃើញថា បងប្អូនប្រជាពលរដ្ឋបានរំលោភយកផ្លូវចំណីសាធារណៈដាក់លក់សម្ភារ យ៉ាងរញ៉េរញ៉ៃ, ក្នុងនោះគេឃើញមានក្រុមកង់បី និងតាក់ស៊ីផងដែរ ដែលចតដើម្បីចាំមួយរបស់ខ្លួនដែលមើលទៅស្ថានភាពសណ្ដាប់ធ្នាប់មិនមានភាពល្អប្រសើរ ទើបលោកអធិការបានដឹកនាំកម្លាំងផ្នែកសណ្តាប់ធ្នាប់ ចុះអប់រំនឹងធ្វើការរៀបចំសណ្ដាប់ធ្នាប់ឱ្យមានសណ្តាប់ធ្នាប់ល្អឡើងវិញ។
លោកអធិការ យី វណ្ណដា បានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបរនៅតាមផ្ទះនៅតាមផ្លូវនិងបងប្អូនដែលប្រកបមុខរបរបើក PassApp ថ្ងៃហ្នឹងបើកតាក់ស៊ីសូមចូលរួមនៅក្នុងការគោរព និងរៀបចំអនុវត្តរបស់នគរបាល សណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាដើម្បីប្រែក្លាយទីក្រុងតាខ្មៅរបស់យើងឲ្យមានសណ្ដាប់ធ្នាប់ល្អ និងសូមចូលរួមជាប្រចាំផងដែរ។
សូមជម្រាបថា បន្ទាប់ពីនគរបាលក្រុងតាខ្មៅ ចុះធ្វើការរៀបចំអប់រំរួចមកគេសង្កេតមើលឃើញថា មានការចូលរួមបានមួយរយៈខ្លីប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលក្រុមនគរបាលត្រឡប់ទៅវិញមួយសន្ទុះក្រោយមក គេឃើញមានការ រំលោភយកដីផ្លូវសាធារណៈហើយ និងការចតរញ៉េរញ៉ៃជាបន្តបន្ទាប់ប្រៀបដូចជាវែកចកក្នុងបឹងយ៉ាងដូច្នោះដែរ៕