(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគិតគូរ កែច្បាប់ពាណិជ្ជកម្មមួយចំនួន ដើម្បីជាប្រយោជន៍ក្នុងការលើកកម្ពស់ ភាពងាយស្រួល នៃការធ្វើធុរកិច្ចនៅកម្ពុជា។
ការពិភាក្សាលើសំណើសុំកិច្ចអន្តរាគមន៍ ជំរុញធ្វើការធ្វើវិសោធនកម្ម «ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម» ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ)។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែមករានេះ បានបញ្ជាក់ថា សំណើសុំអន្តរាគមន៍របស់ក្រសួងពាណិជ្ជកម្ម មានគោលបំណងនៃការធ្វើវិសោធនកម្ម «ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម» នេះមានចំនួន០៣ សំខាន់ៗ ដូចខាងក្រោម៖
១៖ លើកកម្ពស់ភាពងាយស្រួលនៃការធ្វើធុរកិច្ចនៅកម្ពុជា ។ កិច្ចការនេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្របសម្រួលជាមួយ ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរួម (ហៅកាត់ថាប្រព័ន្ធ CamDX) ដែលបានសម្រួលដល់ការចុះបញ្ជី អាជីវកម្មមួយកម្រិតធំ ។ ទោះជាយ៉ាងនេះក៏ដោយ, ដោយនីតិវិធីចាស់នៅមានចែងក្នុងច្បាប់, ការធ្វើវិសោធនកម្មច្បាប់ទាំងពីរខាងលើនេះ គឺជាកិច្ចការចាំបាច់ ដើម្បីឱ្យការអនុវត្ត និងប្រតិបត្តិការតាមប្រព័ន្ធ CamDX អាចដំណើរការទៅបានដោយរលូន និងប្រសិទ្ធភាពខ្ពស់។
២៖ បំពេញបន្ថែមបទប្បញ្ញតិ្ត និងនីតិវិធីឱ្យមានភាពច្បាស់លាស់ សម្រាប់ទ្រទ្រង់យន្តការ ដែលបាននិងកំពុងអនុវត្តកន្លងមក
៣៖ ធានាសង្គតិភាពរវាងច្បាប់ទាំងពីរ «ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម» នេះ ជាមួយនឹងច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀត ដូចជា «ច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម» ជាដើម ។
អង្គប្រជុំ បានពិនិត្យមើលលម្អិត ទៅលើមាត្រាពាក់ព័ន្ធនីមួយៗ នៃច្បាប់ទាំងពីរខាងលើ និងបានឯកភាព ជាគោលការណ៍លើភាពចាំបាច់ និងបន្ទាន់នៃការធ្វើវិសោធនកម្ម ដោយក្រសួងពាណិជ្ជកម្មត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តសម្អាត និងកែសម្រួលពាក្យពេចន៍ តាមការឯកភាពរបស់កិច្ចពិភាក្សា។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់ក្រុមការងារក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំសម្របសម្រួលការងារ ដ៏មានសារៈសំខាន់នេះ និងបានណែនាំឱ្យក្រុមការងាររៀបចំ អនុសាសន៍ស្របតាមស្មារតីនៃអង្គប្រជុំ ដើម្បីបន្តនីតិវិធីគោរពស្នើសុំការអនុម័ត ពីប្រមុខរាជរដ្ឋាភិបាល៕