(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍សកម្មភាព របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១ នៅទីស្នាក់ការសាខា កាកបាទក្រហមខេត្ត។
កិច្ចប្រជុំនេះ បានការអញ្ជើញចូលរួមពី លោក ខូយ រីដា អនុប្រធានអចិន្ត្រៃយ៍សាខា ហេរញ្ញឹក លេខាធិការ សមាជិក សមាជិកា ក្នុងគណៈកម្មាធិការសាខា ប្រធាន អនុប្រធាន អនុសាខាកាកបាទក្រហម ក្រុង ស្រុក ទាំង៧ ក្រុមការងារប្រតិបត្តិ និងយុវជន ស្ម័គ្រចិត្តកាកបាទក្រហមខេត្ត ជាច្រើននាក់ទៀត។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីរាយការណ៍ ពីលទ្ធផលសកម្មភាពការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ឆ្នាំ២០២០ និងលើកទិសដៅបន្តអនុវត្តបន្ត ឆ្នាំ២០២១ ព្រមទាំងសិក្សាពីបញ្ហាប្រឈមមួយចំនួន ដែលសាខា អនុសាខា បានជួបប្រទះកន្លងមក។
មានប្រសាសន៍ដឹកនាំកិច្ចប្រជុំ លោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បាន ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ លោក លោកស្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ក្នុងសកម្មភាព ការងារមនុស្សធម៌យ៉ាងផុសផុល រយៈពេលមួយឆ្នាំកន្លងមក ដោយសហការគ្នាបានល្អប្រសើរ រវាងគណៈកម្មាធិការសាខា ជាមួយ ក្រុមប្រតិបត្តិសាខា និងអាជ្ញាធរមូលដ្ឋាន ទោះបីសមាជិក សមាជិកា ខ្លះមិនបានចូលរួម ដោយសារជាប់រវល់ការងារស្នូលយ៉ាងណាក្តី។
ចុងក្រោយ លោកម៉ៅ ធនិន បានផ្តាំផ្ញើដល់ក្រុមប្រតិបត្តិសាខា អនុសាខា ទាំងអស់ ពេលមានគ្រោះមហន្តរាយ កើតឡើង ត្រូវទំនាក់ ទំនងជាមួយអាជ្ញាធរ ភូមិ ឃុំ ស្រុក ដើម្បីដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា៕