(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ សេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ ស្តីពី ការលុបបំបាត់ការបង្កសម្លេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ។


ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីស្នងការរង លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ហើយក៏មានការចូលរួមមតិយោបល់ អំពីការអនុវត្តជាក់ស្តែង បញ្ហាប្រឈមនានា របស់លោក លោកស្រីស្នងការរង លោកអធិការ ក្នុងការអនុវត្តការងារលើការចាប់ឃាត់ យានយន្តកែច្នៃស៊ីមាំង ដែលតែងតែបង្កសម្លេងរំខានដល់ការសម្រាករបស់ប្រជាពលរដ្ឋផងដែរ។

ជាកិច្ចបន្ទាប់លោកស្នងការ ក៏បានផ្តល់មតិណែនាំល្អៗជាច្រើនដល់អង្គប្រជុំ ដើម្បីយកទៅអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃឲ្យបានត្រឹមត្រូវ មិនត្រូវអនុវត្តលើសពីការណែនាំឡើយ។

ម្យ៉ាងវិញទៀតចំពោះអ្នកប្រើប្រាស់យានយន្តកែច្នៃស៊ីមាំង នឹងត្រូវណែនាំអប់រំ ផាកពិន័យតាមច្បាប់អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងនាំយកយានយន្តមករក្សាទុកនៅកន្លែងសមត្ថកិច្ចរយ:ពេល៣ថ្ងៃ។ បន្ថែមលើនេះទៀត លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាដល់អធិការខណ្ឌទាំងអស់ ត្រូវតែចុះណែនាំអប់រំដល់គ្រប់ទីតាំងជួសជុល និងកែច្នៃយានយន្ត ត្រូវចូលរួមសហការ ដោយមិនត្រូវតែកែច្នៃស៊ីមាំង ណាដែលបង្កសម្លេងរំខានខ្លាំង ដល់ការសម្រាករបស់ប្រជាពលរដ្ឋឡើយ។

ជាកិច្ចបញ្ចប់លោកស្នងការ បានណែនាំឲ្យគ្រប់អធិការខណ្ឌទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ក្នុងការសហការគ្នា បញ្ជាកម្លាំងដើម្បីចេញជួយសម្រួលចរាចរណ៍តាមគ្រប់គោលដៅដែលតែងតែកកស្ទះ ជាពិសេសត្រូវមានកម្លាំង ចរាចរណ៍ចល័តដើម្បីចុះជួយតាមគ្រប់គោលដៅក្នុងការដោះស្រាយឲ្យបានធូរស្រាលលើបញ្ហាកកស្ទះ។

សូមបញ្ជាក់ថា ការអនុវត្តការណែនាំអប់រំ និងឃាត់ផាកពិន័យ ចំពោះយានយន្តដែលកែច្នៃបង្កសម្លេងរំខាន នេះ សមត្ថកិច្ចនឹងសហការជាមួយក្រសួងបរិស្ថាន ដើម្បីប្រើប្រាស់ម៉ាស៊ីន ក្នុងការវាស់កម្រិតសម្លេងដែលបង្ក ដោយយានយន្តគ្រប់ប្រភេទ ។

កាលពីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល ពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ ដែលបង្កសំលេងរំខានដល់ប្រជាពលរដ្ឋ។

ការដាក់បទបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងបន្ទាប់ពីសម្ដេចសង្កេតឃើញថា មានករណីក្មេងទំនើងមួយចំនួនជិះម៉ូតូធំ កែច្នៃបំពុងស៉ីម៉ាំង ខុសលក្ខណៈបច្ចេកទេសនៃទ្រង់ទ្រាយដើម ហើយមានសំលេងលឺខ្លាំងបង្កការរំខានដល់ប្រជាពលរដ្ឋ ពិសេសសម្ដេចផ្ទាល់ក៏ធ្លាប់ជួបការរំខាន ដោយសំលេងបំពុងស៉ីម៉ាំងនេះផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា កន្លងទៅអ្នកជិះម៉ូតូធំៗនេះ គឺជិះលឿនៗ ហើយខ្លះបានបង្កការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងពេលខ្លះរំខានដល់ដំណេករបស់ថ្នាក់ដឹកនាំថែមទៀតផង ដូច្នេះមន្ដ្រីនគរបាល ត្រូវឃ្លាំមើលសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកំណត់អត្តសញ្ញាណ និងអាសយដ្ឋានអ្នកជិះម៉ូតូទាំងអស់នេះ។

ក្រោយមានបទបញ្ជាខាងលើនេះ កម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការចុះចាប់ម៉ូតូកែច្នៃទាំងនេះ ប៉ុន្តែសមត្ថកិច្ចខ្លះបានប្រើប្រាស់សិទ្ធិ និងដែនសមត្ថកិច្ចហួសព្រំដែននាំឲ្យមានការរិះគន់តាមបណ្តាញសង្គមយ៉ាងខ្លាំងផងដែរ។

ហេតុដូច្នេះហើយទើបកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានចេញបញ្ជាកម្លាំងនគរបាលទាំង១៤ ខណ្ឌក្នុងរាជធានីភ្នំពេញ ផ្អាកសកម្មភាពចាប់ម៉ូតូធំដែលមានបំពង់ស៉ីម៉ាំងលឺខ្លាំង បង្កការរំខានដល់ប្រជាពលរដ្ឋជាបណ្ដោះអាសន្នសិន។

ក្នុងសារសំឡេងផ្ញើទៅកាន់នគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា ការផ្អាកបណ្ដោះអាសន្ននេះ គឺរង់ចាំទទួលបញ្ជាថ្មីពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីចៀសវាងនូវការថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ព្រោះម៉ូតូខ្លះមិនបានកែច្នៃនោះទេ ពោលមានសំណុំដើមមកពីរោងចក្រតែម្ដង។

លោកឧត្តមសេនីយ៍ឯក ស ថេត បានមើលឃើញថា ក្រោយមានបទបញ្ជាពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ឲ្យចាប់ម៉ូតូកែច្នៃបំពង់ស៉ីម៉ាំងលឺខ្លាំងបង្កការរំខាន មានមន្ដ្រីមួយចំនួនបានអនុវត្តលើសពីការណែនាំ ហើយមានរូបភាពខ្លះ ចូលចាប់ដល់ក្នុងផ្ទះតែម្ដង ដែលជាការខុសពីបទបញ្ជា។

លោកឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាយ៉ាងដូច្នេះថា «តាមខណ្ឌទាំងអស់ផ្អាកធ្វើការឃាត់ម៉ូតូធំ ម៉ូតូដែលមានស៉ីម៉ាំងអត់មានសំបុកដែលមានសំឡេងលឺខ្លាំងសិន ផ្អាកសិនដើម្បីរង់ចាំបទបញ្ជាថ្មី [...] ព្រោះម៉ូតូធំខ្លះគេមានសំបុកស៉ីម៉ាំងបើកទៅអត់លឺរំខានទេ ដូច្នេះប្រភេទនេះអត់មានខុសទេ»