(បន្ទាយមានជ័យ)៖ ស្នូរជួងបន្លឺឡើង នេះជាសញ្ញាប្រាប់ដល់សិស្សានុសិស្ស និសិត្ស អាណាព្យាបាលសិស្សទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ឲ្យបានជ្រាបថា ថ្ងៃនេះគឺជាថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២០- ២០២១ ដែលប្រារព្វធ្វើឡើងនៅសាលប្រជុំសាកលវិទ្យាល័យមានជ័យ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ នេះ ។
ពិធីនេះ បានការចូលរួមជាអធិបតីពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ មានជ័យ លោកខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុ រាត្រី អភិបាលខេត្ត លោកជ័យសារិន ប្រធានគណៈកម្មាធិការគ្រប់គ្រងសាកលវិទ្យាល័យមានជ័យ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជនកីឡាខេត្ត លោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងព្រះសង្ឃ និស្សិត សរុបចំនួន៥៩០នាក់។
លោក ជ័យ សារិន បានមានប្រសាសន៍ថា ឆ្នាំ២០២១នេះ ទោះបីប្រទេសកម្ពុជាក៏ដូចពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ-១៩ យ៉ាងខ្លាំង យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានឲ្យបើកបវេសនកាលឆ្នាំសិក្សា ២០២០.២០២១ ដ៏មានសារៈសំខាន់នេះ ឡើងវិញដែរ ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្ស និសិត្យ ឲ្យបានចូលរៀន។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ ដោយ អនុវត្តវិធីសាស្ត្របង្រៀនតាមបែបថ្មីៗក្នុងសតវត្តទី២១ ដែលជាវិធីសាស្ត្រតាមបែបចម្រុះ ដោយឲ្យសិស្សត្រូវអនុវត្តក្នុងថ្នាក់រៀន និងការធ្វើស្វ័យសិក្សានិងផ្តោត លើការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម ដែលជាមុខជំនាញចាំបាច់ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថលផងដែរ។
លោក ស សុខា បានលើកទឹកចិត្តដល់ សិស្សានុសិស្ស និស្សិតទាំងអស់ត្រូវប្រកាន់គោលជំហរ និងមានជំនឿជឿជាក់លើខ្លួនឯង ត្រូវតស៊ូព្យាយាមអត់ធ្មត់ក្នុង ការសិក្សាដើម្បីឈានទៅសម្រេចបាននូវក្តីស្រមៃ និងក្តីបំណងប្រាថ្នានៅពេលអនាគត។
លោក ស សុខា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា សិស្សានុសិស្ស និស្សិតទាំងអស់ត្រូវលះបង់នូវពាក្យចំនួន៥យ៉ាងដែលមិនគួរនិយាយ ១.ពាក្យថាពិបាកក្រោយពេលដែលយើងនិយាយពាក្យថាពិបាកនោះ វានឹងរារាំងដល់សមត្ថភាពរបស់យើងប្រសិនបើយើង ប្រកាន់យកពាក្យនេះយើងមិនអាចជំនះ នូវឧបសគ្គទាំងឡាយណាបាន ឡើយក្នុងមួយជីវិតយើងនេះ, ២.ពាក្យថាធ្វើមិនបានព្រោះពាក្យនេះវានឹងក្លាយទៅជាភាពទន់ជ្រាយដែលឲ្យយើងត្រូវបោះបង់នូវអ្វីដែលកំពុងធ្វើ ឬក៏បិទបាំងនូវចំណេះ ដឹងថ្មីៗដែលយើងមិនធ្លាប់ជួបយើងត្រូវគិតថាគ្មានអ្វីមួយដែលធ្វើមិនបាននោះទេ គ្រាន់តែពេលខ្លះវាត្រូវការពេលវេលាតែប៉ុណ្ណោះការព្យាយាមនឹងបានសម្រេច, ៣. កុំ អស់សង្ឃឹមព្រោះពាក្យនេះនិយាយចេញមកពេលណា កម្លាំងទាំងអស់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត នឹងត្រូវបាត់ជ្រុះចុះ ត្រូវចេះលើកទឹកចិត្តខ្លួនឯងនឹងមានក្តីសង្ឃឹម ជានិច្ច, ៤. ពាក្យថាខ្ជិលមិនគួរនិយាយសូម្បីតែនិយាយលេងក៏ដោយ ព្រោះវានឹងបង្កើតការដែលមិនមានទំនួលខុសត្រូវ ប្រសិនបើយើងប្រកាន់យកពាក្យនេះទុកក្នុងចិត្ត វាស្មើនឹងពាក្យទទួលយកនូវការបរាជ័យក្នុងជីវិតបាត់ទៅហើយ, ៥. ពាក្យថាហត់ នៅពេលដែលយើងនិយាយពាក្យទាំងនេះចេញមក រាងកាយទាំងមូលនឹងតបស្នងមក វិញនូវភាពហត់ទន់ខ្សោយមួយរំពេច ធ្វើអ្វីក៏ដោយយើងត្រូវតែចេះប្រមាណកម្លាំងឬស្ទាបស្ទង់កម្លាំង ពេលខ្លះបើហត់ត្រូវសម្រាកបន្តិចឲ្យមានកំលាំងរួចធ្វើដំណើរទៅមុខ បន្តទៀតនោះទើបយើងបានសម្រេចលទ្ធផល។
លោកសសុខាបានបញ្ជាក់ឲ្យដឹងបន្តទៀតថា សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូដើរតួជាបុគ្គលនៅមុខជាឪពុកម្ដាយ ជាអ្នកស្រាវជ្រាវ ជាអ្នកទីប្រឹក្សា និងជាអ្នកច្នៃប្រឌិតព្រមទាំង ខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំទាំងខាងចំណេះដឹង ទាំងវិធីសាស្ត្របង្រៀនរួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ភាសាបរទេសដើម្បីយកចំណេះដឹងថ្មីៗ ទេពកោសល្យថ្មីមកបង្ហាត់បង្រៀនដល់និស្សិតឲ្យមានចំណេះដឹងទូលំទូលាយ និងអភិវឌ្ឍន៍ខ្លួនជាអ្នកបន្តសម្រាប់អនាគតផងដែរ។
សាកលវិទ្យាល័យមានជ័យត្រូវខិតខំពង្រឹង សក្តានុពលរបស់ខ្លួនទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធ ទាំងសេវាបង្រៀន និងរៀនឲ្យស័ក្កិសមជាទីកន្លែងសម្រាប់អប់រំ និងបណ្ដុះបណ្ដាលកំណត់ភាពស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្តផ្លូវកាយទៀតផង៕