(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា-ចិន បានគំាទ្រចំពោះសមិទ្ធផលជាច្រើនដែលកើតចេញទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ ក្នុងរយៈពេល៦៣ឆ្នាំ នៃចំណងការទូតនៃប្រទេសទំាងពីរ។ ប្រធានរដ្ឋសភាកម្ពុជា សម្តេចពញាចក្រី ហេង សំរិន និងលោក លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទំាងប្រទេសចិន បានប្តេជ្ញារួមគ្នា គំាទ្រនិងថែរក្សា លើកកម្ពស់ទំនាក់ទំនងជាប្រពៃណីប្រទេសទាំងពីរ ឲ្យបានរឹងមាំយូរអង្វែង ដើម្បីតម្កល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទំាងសងខាង។
ការបេ្តជ្ញាចិត្តរបស់ថ្នាក់ដឹកនាំសភាប្រទេសទំាងពីរ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ៦៣ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទំាងពីរ បានចាក់ឬសយ៉ាងរឹងមាំ និងក្លាយជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ផ្តល់ផលប្រយោជន៍សន្ធឹកសន្ធាប់សម្រាប់ប្រជាជនទំាងសងខាង និងបានចូលរួម ចំណែកជាវិជ្ជមានដល់សន្តិភាព និងវិបុលភាព ក្នុងតំបន់ និងសកលលោក ទៀតងផង។
សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាអាទិ៍មាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅផ្សេងៗទៀតជាច្រើន។
លោក លី ចាន់ស៊ូ បានកត់សម្គាល់ថា ឆ្នាំ២០២០ ដែលពិភពលោកជួបការលំបាកដោយសារជំងឺកូវីដ១៩ កម្ពុជានិងចិនបានពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរកាន់តែរឹងមាំឡើង តាមរយៈសកម្មភាព ជួយគ្នាទៅវិញទៅមក នៅក្នុងនោះមានដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន មកកាន់ប្រទេសចិន។ បន្ទាប់មកប្រទេសចិនបានបញ្ជូនជំនួយជាសម្ភារៈវេជ្ជសាស្រ្ត និងក្រុមគ្រូពេទ្យទៅកាន់ប្រទេសកម្ពុជា ចូលរួមប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩។ ថ្មីៗនេះ សាធារណរដ្ឋប្រជាមានិតចិន ដោយមានលោក ស៊ី ជីនពីង ប្រធានាធិបតី បានថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ នូវគ្រឿងឥស្សរិយយស ដ៏ខ្ពង់ខ្ពស់ «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» និងបានផ្តល់វ៉ាក់សំាងការពារកូវីដ១៩ ដល់ប្រទេសកម្ពុជាទៀតផង។
លោក លី ចាន់ស៊ូ បានលើកឡើងថា វ៉ាក់សំាងការពារជំងឺកូវីដ១៩ ប្រទេសចិនមានតម្រូវការច្រើនក្នុងការចាក់ជូនពលរដ្ឋខ្លួន ប៉ុន្តែផ្អែកលើចំណងមិត្តភាពរវាងប្រទេសនិងប្រជាជន នៃប្រទេសទំាងពីរ ប្រទេសចិនមិនភ្លេចមិត្ត កម្ពុជានោះឡើយ។
សម្តេចពញាចក្រី ហេ សំរិន បានអរគុណដល់ប្រទេសចិន ដែលជានិច្ចកាលគាំទ្រដល់បុព្វហេតុដ៏ត្រឹមត្រូវ របស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសនៅក្នុងពេលថ្មីៗនេះ មិត្តចិនបានសម្រេចឧបត្ថម្ភវ៉ាក់សំាងចំនួន១លានដុស ដល់កម្ពុជា។ វ៉ាក់សំាង ដែលរកឃើញ ដោយប្រទេសចិននោះ នឹងចូលរួមទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ នៅកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូល។
សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ក្នុងគ្រាដ៏លំបាកនេះ ដូចជា ពេលផ្ទុះឡើងនូវជំងឺកូវីដ១៩នេះ ទំនាក់ទំនងទ្វេភាគីប្រទេសទំាងពីរកាន់តែមានភាពស៊ីជម្រៅ។ ពិតណាស់ដូចសុភាសិតខ្មែរពោលថា មិត្តពិតប្រាកដ ជាមិត្តដែលជួយគ្នាក្នុងគ្រាក្រ។ សម្តេចអគ្គមហាពញាចក្រីបានថ្លែងថា កម្ពុជាតែងតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ «គោលនយោបាយចិនតែមួយ» និងគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពដែនដី។
ប្រធានស្ថាប័នសភាប្រទេសកម្ពុជា-ចិន បានប្រកាសពីការត្រៀមជាស្រេច ក្នុងការពង្រឹងកិច្ចសហការឲ្យជិតស្និតថែមទៀត រវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ ដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែលត្រូវបានកសាងយ៉ាងរឹងមាំ ដោយថ្នាក់ដឹកនាំជំនាន់មុនៗឱ្យកាន់តែស្អិតរមួត និងស្ថិតស្ថេរយូរអង្វែង និងបន្តគាំទ្រគ្នាទៅវិញទៅមករវាងស្ថាប័ន សភាទាំងពីរនៅលើបញ្ហាតំបន់ និងអន្តរជាតិ។
លោក លី ចាន់ស៊ូ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរមានសារៈសំខាន់ នៅក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។ សភាប្រជាជនចិន បានភ្ជាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជា។ លោកបានស្នើឲ្យស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីររក្សាទំនាក់ទំនងជាមួយគ្នាតាមប្រព័ន្ធវីដេអូ នៅគ្រាដែលជំងឺកូវីដ១៩ មិនទាន់ធូរស្រាល នៅពេលជំងឺនេះបានធូរស្រាល សភាប្រទេសទំាងពីរគួរបង្កើតការផ្លាស់ប្តូរដំណើរទស្សនកិច្ច នូវគ្រប់កម្រិតរវាងគ្នាទៅវិញទៅមកឡើងវិញ។ លោកបានប្រកាសជាថ្មីថា ចិនបានត្រៀមជួយកម្ពុជានៅគ្រប់កាលៈទេសៈ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋកម្ពុជា។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំទ្វេភាគីនាឱកាសនេះ សភាប្រទេសកម្ពុជានិងចិន បានលើកឡើងនូវប្រធានបទសំខាន់ៗដូចជា ការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រឆាំងនឹងរោគរាតត្បាត ការស្តារសេដ្ឋកិច្ចនាដំណាក់កាលក្រោយរោគរាលដាល និងស្ថានភាពអន្តរជាតិ និងក្នុងតំបន់ ជាដើម។
ក្រោយពីសម្តេចពញាចក្រី ហេង សំរិន និងលោក លី ចាន់ស៊ូ បានថ្លែងសុន្ទរកថាគន្លឹះរួចមក កិច្ចប្រជុំបានបន្តដំណើរការពិភាក្សា ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក លើប្រធានបទខាងលើដោយលម្អិត ដែលភាគីកម្ពុជា ដឹកនាំដោយ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងភាគីចិនដឹកនាំដោយលោក ចាន់ ឈុនស៊ាន អនុប្រធានសភាប្រជាជនចិនទូទាំងប្រទេសចិន៕