(ព្រះសីហនុ)៖ បើទោះបីមានប្រជាពលរដ្ឋមួយចំនួន ដែលពីមុនបានចាញ់បោក និងលួចសាងសង់រោងនៅលើដីរបស់លោកស្រី ចេញមកទទួលស្គាល់ការពិតយ៉ាងណានោះ តែក៏នៅមានការចោទប្រកាន់ពីសំណាក់មនុស្សមួយក្រុមតូច នៅតែបន្តចោទមកលើលោកស្រី ខៃ ណារិន មេបញ្ជាការរងកងពលតូចលេខ៧០ ថាជាអ្នកទៅរំលោភដីទៅវិញ។
លោកស្រីឧត្តមសេនីយ៍ទោ ខៃ ណារិន អាយុ៦២ឆ្នាំ មានតួនាទីជាមេបញ្ជាការរងកងពលតូចលេខ៧០ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានបន្តចេញមកច្រានចោលចំពោះការចោទប្រកាន់ទាំងឡាយ តាមបណ្តាញសង្គម និងព័ត៌មានមួយចំនួន ដែលបានធ្វើការចោទប្រកាន់ខុសពីការពិតមកលើលោកស្រី ពាក់ព័ន្ធនឹងវិវាទដីធ្លីមួយនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោកស្រីបានបញ្ជាក់ថា ដីរបស់លោកស្រីមានប្លង់ត្រឹមត្រូវ និងមានការទទួលស្គាល់ពីអាជ្ញាធរ និងមន្រ្តីជំនាញ ប៉ុន្តែមានមនុស្សមួយក្រុមមកលួចសាងសង់រោងនៅលើដីដោយគ្មានការអនុញ្ញាត និងចង់រំលោភយកតែម្តង។ លោកស្រីក៏បានដាក់ពាក្យបណ្តឹងផងដែរ ទៅកាន់សមត្ថកិច្ចពាក់ព័ន្ធចំពោះសកម្មភាពរំលោភបំពានទាំងនេះ។
លោកស្រី ខៃ ណារិន បានគូសបញ្ជាក់ថា ចំពោះការចោទថាលោកស្រី បានទៅរំលោភបំពានទៅ ឈូសឆាយ គ្មានព្រំប្រទល់ ដោយគ្មានឯកសារច្បាស់លាស់នោះគឺជាការមិនពិតទេ។ តាមការពិតលោកស្រី បានទិញដីទាំងនេះ ដោយមានការទទួលស្គាល់ដឹងឮ និងមានលិខិតស្នាមត្រឹមត្រូវពីអាជ្ញាធរតាំងពីថ្នាក់ភូមិឃុំ និងស្រុកទៀតផង ហើយមិនតែប៉ុណ្ណោះលោកស្រី ថែមមានចិត្តអាសូរ ហើយបានផ្តល់ដីទំហំ ៥គុណ២០ម៉ែត្រជូនប្រជាពលរដ្ឋមួយចំនួន ដែលមិនមានដីធ្វើផ្ទះសម្រាប់សាងសង់លំនៅដ្ឋានទៀតផង ប៉ុន្តែនៅមានបុគ្គលមួយចំនួន នៅតែបន្តមកទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ថែមទាំងបំផ្លាញឈូសឆាយបំផ្លាញដំណាំរបស់លោកស្រីទៀតផង។
កាលពីពេលថ្មីៗនេះ ក្រោយយល់ដឹងពីផ្លូវច្បាប់នោះ ប្រជាពលរដ្ឋចំនួន៩គ្រួសារ ដែលលួចសាងសង់ខ្ទមនៅលើដីរបស់លោកស្រី ខៃ ណារិន បានចេញមកសារភាពពីកំហុសរបស់ខ្លួន ក្រោយបានទិញដីត ពីមនុស្សមួយក្រុមដែលបានយកដីរបស់លោកស្រីទៅលក់ដូរ។ ប្រជាពលរដ្ឋទាំង៩គ្រួសារនេះ បានថ្លែងថា ពួកគាត់ពិតជាបានទិញតពីមនុស្សមួយក្រុម ដែលបានលួចលក់ដីរបស់លោកស្រី ហើយការទិញតគ្នានេះមិនមានឯកសារត្រឹមត្រូវទទួលស្គាល់ពីអាជ្ញាធរ និងមន្រ្តីជំនាញនោះឡើយ៕