(កំពង់ស្ពឺ)៖ ក្រោយពីទទួលបានព័ត៌មានករណីគ្រួសារស្ត្រីក្រីក្រម្នាក់ ឈ្មោះ អៀង គីម អាយុ៤១ឆ្នាំ និងប្តីឈ្មោះ ចក់ សៅ អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិអង់សខ្នាយ ឃុំមហាប្ញស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលត្រូវភាគីខាងធនាគារភូមិអនុវត្តនីតិវិធី ដោយចាក់សោផ្ទះដាក់ស្លាកលក់ ខណៈភាគីកូនបំណុល មិនមានប្រាក់យកទៅបង់តាមកាលកំណត់។
នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ សម្តេចកិតិ្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោក អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ចុះផ្ទាល់ទៅដល់ផ្ទះគ្រួសារស្ត្រីក្រីក្រខាងលើនេះ ដើម្បីយកថវិកាទៅដោះស្រាយបំណុលជូនទៅភាគីខាងធនាគារ ក្នុងទឹកប្រាក់ដែលជំពាក់ចុងក្រោយ ចំនួន ៧១២,០០០រៀល ហើយដែលនឹងត្រូវធ្វើការទូទាត់ទៅឲ្យភាគីខាងធនាគារ នៅថ្ងៃអង្គាទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងនេះ។
ជាមួយគ្នានោះដោយក្តីអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសនោះតាមរយៈលោក អ៊ុយ សំអាត បាននាំយកនូវអំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនគ្រួសារ នោះផងដែរ រួមមាន៖ អង្ករ ១៥០ គីឡូក្រាម, ឃីត៣កញ្ចប់, ត្រីខ ៣០កំប៉ុង, មី៣កេះតូច និងថវិកាមួយចំនួន ព្រមទាំងបាន ពិនិត្យស្ថានភាពផ្ទះដែលកំពុងស្នាក់នៅ ទំហំ ៥មx៦ម ដំបូលប្រក់ហ្វីប្រូ ជញ្ជាំងក្តាតែមានសភាពទ្រុឌទ្រោម ដូច្នេះក៏បានផ្តល់ជូននូវថវិកា ចំនួន ១លាន ៣៦ម៉ឺនរៀល ទៀត ដើម្បីបំពេញបន្ថែមជញ្ជាំងដែលនៅខ្វះ និងប្តូរយ៉ផ្ទះខាងមុខ ដែល មានសភាព រយីករយាកខ្លាំង។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលបានការ ដោះស្រាយជាបន្ទាន់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នោះគ្រួសារស្ត្រីក្រីក្រឈ្មោះ អៀង គីម និងប្តីឈ្មោះ ចក់ សៅ មានកូន បីនាក់នៅក្នុងបន្ទុក ទទួលកូនសោរចាក់ចូលផ្ទះរស់នៅជាធម្មតាវិញហើយ៕