(ព្រះវិហារ)៖ អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តព្រះវិហារ បានរួមគ្នាបង្កើតគណៈកម្មការចម្រុះដោយ បែងចែក ជាក្រុមតូចៗចំនួន៣ ដើម្បីពង្រឹងប្រសិទ្ធភាពការងារអភិរក្ស និងគ្រប់គ្រងព្រៃឈើនៅតំបន់កោះកេរ។ការបង្កើតក្រុមចម្រុះនេះឡើង ស្របពេលដែលបទល្មើស ព្រៃឈើនៅតំបន់អភិរក្សនេះ នៅតែបន្តកើតឡើង ដោយពេលខ្លះ ឈ្មួញទុច្ចរិត មានទំាងអាវុធជាប់ដៃទៀតផង។
ក្រុមការងារទាំងបី ដែលត្រូវបានរៀបចំឡើងគឺ ក្រុមការងារផ្សព្វផ្សាយ និងអប់រំសហគមន៍ក្នុងតំបន់អភិរក្សប្រាសាទកោះកេរ ដែលនឹងត្រូវបំពេញភារកិច្ចទៅលើការចុះផ្សព្វផ្សាយអំពីច្បាប់ការពារបេតិកភណ្ឌ អប់រំប្រជាពលរដ្ឋក្នុងតំបន់ឲ្យយល់ដឹង និងចូលរួមក្នុងការងារអភិរក្សបេតិកភណ្ឌ និងព្រៃឈើ។
ក្រុមការងារ ទី២គឺ ក្រុមការងារទប់ស្កាត់បទល្មើសព្រៃឈើ និងវិធានការផ្លូវច្បាប់។ ក្រុមនេះត្រូវបំពេញភារកិច្ចសំខាន់ៗ ទាក់ទងនឹង ការរៀបចំយុទ្ធសាស្ត្រថែរក្សាព្រៃឈើ និងបង្ក្រាបបទល្មើសព្រៃឈើផ្សេងៗ។
ចំណែកក្រុមទី៣ គឺ ក្រុមការងារចងក្រងទិន្នន័យដីព្រៃ និងលំនៅឋាន។ ក្រុមនេះនឹងត្រូវស្រង់ទិន្នន័យដីលំនៅឋាន ដីស្រែ ដីព្រៃ ក្នុងតំបន់កោះកេរ ដែលបច្ចុប្បន្ន ធ្វើឡើងដើម្បីទប់ស្កាត់ការរុករានដី ធ្វើលំនៅឋាន និងកាន់កាប់ជាកម្មសិទ្ធិតាមរូបភាពផ្សេងៗ។
សមាសភាពក្រុម និងការបែងចែកភារកិច្ចខាងលើនេះ ត្រូវបានធ្វើឡើងនៅរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក ឈរ ថាណាត អគ្គនាយករងអាជា្ញធរជាតិអប្សរា និងជាប្រធានគណៈកម្មការចម្រុះនេះ។
គួររំលឹកថា គណៈកម្មការចម្រុះគ្រប់គ្រង អភិរក្ស និងការពារព្រៃតំបន់ប្រាសាទកោះកេរ ដែលត្រូវបានបង្កើតឡើង កាលពីទី២០ ខែមករា ឆ្នាំ២០១៦កន្លងទៅ គឺក្នុងគោលដៅពង្រឹងកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តព្រះវិហារ ដើម្ប ទប់ស្កាត់ បទល្មើសព្រៃឈើ និងការរុករានដីធ្វើជាកម្មសិទ្ធិក្នុងតំបន់អភិរក្សកោះកេរ៕