(បន្ទាយមានជ័យ)៖ ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ បានប្រាប់ដល់បណ្ដាអធិការក្រុងស្រុកទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសចូលឆ្នាំចិន នៅពេលខាងមុខនេះ ហាមមិនឲ្យលេងផាវ រំសេវ កាំជ្រួចគ្រប់ប្រភេទដាច់ខាត។
ជាមួយគ្នានេះលោកស្នងការបានណែនាំដល់នគរបាលចំណុះស្នងការដ្ឋាន ត្រូវចុះបង្ក្រាប និងហាមដាច់ខាត នូវការនាំចូលរំសេវភេវកម្មគ្រប់ប្រភេទ ហើយត្រូវចុះណែនាំដល់អាជីវករ តាមផ្សារនៅតាមមូលដ្ឋានរបស់ខ្លួន អំពីផលប៉ះពាល់នៃរំសេវនិ ងកាំជ្រួចដែលជាអាវុធមួយ ប្រើខុសអាចធ្វើឲ្យមនុស្សស្លាប់។
លោកបន្តថា មន្ត្រីនគរបាលជំនាញ ត្រូវធ្វើការផ្សព្វផ្សាយអប់រំ ឲ្យបានស៊ីជម្រៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឲ្យយល់ដឹងអំពីទង្វើខុសច្បាប់ ពីការតាំងលក់នាំចូល ការចែកចាយផាវ កាំជ្រួចគ្រប់ប្រភេទ។
សូមជម្រាបថា បុណ្យប្រពៃណីចិន-វៀតណាម ប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។