(ព្រះវិហារ)៖ កសិករមួយរូបរស់នៅភូមិពោធិទៀប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ បានថ្លែងដោយក្តីមោទនភាព ចំពោះលទ្ធផលដែលទទួលបាន បន្ទាប់ពីគាត់បានកែប្រែផ្ទៃដីដែលមានទំហំ១ហិកតា ដាំដុះដំណាំបន្លែផ្សេងៗ។
លោក ចន គឹមស្រស់ អាយុ៣៧ឆ្នាំ មានភរិយាឈ្មោះ យឹង ថាវី អាយុ៣៨ឆ្នាំ មានកូនក្នុងបន្ទុកចំនួន២នាក់ ជាកសិកររស់នៅភូមិពោធិទៀប ឃុំម្លូព្រៃមួយ ស្រុកឆែប បានរៀបរាប់ប្រាប់ឲ្យដឹងថា គាត់មានផ្ទៃដីទំហំ១ហិកតា និងបានដាំដុះដំណាំបន្លែផ្សេងៗ ដោយគិតជាមធ្យមបានចំណូលក្នុង១ឆ្នាំ ជាង២០លានរៀល។
កសិកររូបនេះបានបន្តទៀតថា ដំណាំបន្លែដែលគាត់ដាំរួមមាន ដើមខ្ទឹម ដែលរយៈពេលដាំ គឺជាង១ខែទទួលបានផលហើយ ដែលជាមធ្យមក្នុងរយៈពេលជាង១ខែ គាត់អាចលក់ដើមខ្ទឹមបានប្រហែលជិត២តោន ដោយក្នុង១គីឡូមានតម្លៃចាប់ពី៣៥០០រៀលទៅ៤០០០រៀល។
ចំណែកដំណាំត្រសក់ គាត់ដាំក្នុងរយៈពេលជាងមួយខែដូចគ្នា ទទួលបានផលជិត២តោន ដោយលក់បានតម្លៃ៨០០រៀលក្នុងមួយគីឡូក្រាម ក្រោពីនោះគាត់ដាំបន្លែបន្ទាប់បន្សំមួយចំនួនទៀត ដូចជាត្រប់ ម្ទេស ដែលដំណាំទាងនេះ សរុបក្នុងមួយឆ្នាំគាត់អាចទទួលចំណូល បានជាង២០លានរៀលដែរ។
កសិករ ចន គឹមស្រស់ បានឲ្យដឹងទៀតថា ចំពោះវិធីសាស្ត្រ និងបច្ចេកទេសក្នុងការដាំដុះបន្លែនេះ គឺគាត់មើលតាម Youtube និងមានការបង្រៀនពីមន្ត្រីកសិកម្មផងដែរ។ កន្លងមកគាត់ទទួលបានសម្ភារជាច្រើន ពីមន្ទីរកសិកម្មខេត្ត សម្រាប់យកមកប្រើប្រាស់ លើការដាំបន្លែរបស់គាត់ ហើយគាត់ក៏សំណូមពរទៅមន្ទីរកសិកម្មខេត្ត ជួយពន្លឿនការស្តារស្រះ និងឧបត្ថម្ភម៉ាស៉ីនបូមទឹក សម្រាប់គាត់ផង ព្រោះខែនេះទឹកចាប់ផ្តើមរីងបណ្តើរៗហើយ៕