(ស្ទឹងត្រែង)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកស្រី តំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិហារឥស្លាម ATTAQWA UTHSMAN BIN AFFAN និងសាលារៀនឥស្លាម នៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
គម្រោងនេះរួមមានវិហារឥស្លាម ទំហំ១៧x៣០ម៉ែត្រ សាលារៀន១ខ្នង ៥បន្ទប់ របងក្លោងទ្វារព័ទ្ធជុំវិញ ៣១ម៉ែត្រ អណ្តូងទឹក១២ បង្គន់អនាម័យ ៩បន្ទប់ ចំនាយថវិការសរុប ២២១,២៦៨.៥៧ ដុល្លាអាមេរិក ជាអំណោយរបស់ សប្បុរសជនសញ្ជាតិអាមេរិក ជនជាតិហ្សក់ដង់ លោក Muhammad Awat តាមរយៈមូលនិធិឥស្លាមកម្ពុជាអាមេរិក។
លោក អូស្មាន ហាស្សាន់ បានលើកឡើងថា មហាឱកាសសម្រាប់ប្រជាពលរដ្ឋទូទៅ ចារក្នុងប្រវត្តិសាស្រ្ត គឺសម័យតេជោ ក្រោមការដឹកនាំសម្តេចតេជោ ប្រទេសជាតិអភិវឌ្ឍន៍គ្រប់វិស័យ ប្រជាពលរដ្ឋមានសុខសន្តិភាព សេរីភាព។ ជាក់ស្តែងជាគោលនយោបាយលុបបំបាត់ភាពក្រីក្ររបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងយើង ក៏ដូចជាខេត្តផ្សេងៗ ដែលប្រកបរបរកសិកម្ម មានដីចំការសម្រាប់ប្រកបកសិកម្ម ខ្លះ៣ហិកតា ៥ហិកតា ១០ហិកតា អ្នកខ្លះមានដល់ ២០-៣០ហិកតា។
លោករដ្ឋមន្រ្តីបានបន្តថា នៅថ្ងៃនេះ សហគមន៍អ្នកឃុំអូរឫស្សីកណ្តាល បានទទួលសមិទ្ធផលថ្មីមួយទៀត ដែលសម្ពោធនៅថ្ងៃនេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ម្ចាស់ជំនួយបានទុកចិត្តលើរដ្ឋាភិបាល ទើបអំណោយគ្រប់បែបយ៉ាង ត្រូវបាននាំមកជូនដល់សហគមន៍យើង ចូលរួមបំបាត់ភាពក្រីក្រ លើកកំពស់វិស័យសាសនា និងវិស័យអប់រំ។
បន្ទាប់ពីបានបំពាក់គ្រឿងឥស្សរិយយស ជូនដល់ភាគីម្ចាស់ជំនួយ និងសកម្មជន ដែលចូលរួមកសាងសមិទ្ធផល លោករដ្ឋមន្រ្តី ក៏បានយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិ តរួមមាន ៣៦៤នាក់ ម្នាក់ៗ ទទួលបានសៀវភៅ២ ប៉ិច១ ថវិកា ២,០០០រៀល យុវជនកាកបាទក្រហម ៥០នាក់ កាយរិទ្ធ៥០នាក់ ស.ស.យ.ក ៥០នាក់ ក្នុងម្នាក់ៗបាន ១ម៉ឺនរៀល គ្រួសារក្រីក្រ ១៣៣គ្រួសារ ក្នុងមួយគ្រួសារ អង្ករ១៥គីឡូក្រាម លោកគ្រូអ្នកគ្រូ ៥នាក់ ម្នាក់ៗ អង្ករ១៥គីឡូក្រាម ឧបត្ថម្ភគណៈកម្មការរៀបចំពិធីចែកអំណោយ ២លានរៀល៕