(អាហ្វិចខាងត្បូង)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសអាហ្វ្រិចខាងត្បូងបានប្រាប់ឲ្យដឹងថា ប្រទេសរបស់ខ្លួនបានកើតឡើងនូវករណីវីរ៉ុសZikaជាលើកដំបូង លើបុរសអ្នកជំនួញជនជាតិកូឡុំប៊ីម្នាក់ នេះបើយោងតាមការចេញផ្សាញរបស់ Sky News នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសអាហ្វ្រិចខាងត្បូង លោក Aaron Motsoaledi បាននិយាយថា ករណីនេះបានកើតឡើង ក្រោយពេលធ្វើរោគវិនិច្ឆ័យទៅលើបុរសអ្នកជំនួញជនជាតិកូឡុំប៊ីម្នាក់ ដែលបានធ្វើដំណើរនឹងស្នាក់នៅប្រទេសអាហ្វ្រិកខាងត្បូង រយៈពេល៤ថ្ងៃ ប៉ុន្តែបច្ចុប្បន្ននេះ បុរសជំនួញរូបនេះ បានជាសះស្បើយពីមេរោគបង្កឡើងវីរ៉ុសZika ។
គួរបញ្ជាក់ផងដែរថា Zika គឺជាវីរ៉ុសមួយ ដែលចម្លងដោយសត្វមូស ប្រភេទ Aedes វាត្រូវបានរកឃើញជាលើកដំបូង នៅក្នុងឆ្នាំ១៩៤៧ នៅក្នុងតំបន់ព្រៃ Zika នៃប្រទេសអ៊ូហ្គង់ដា។ វីរ៉ុសនេះ ត្រូវបានគេសង្ស័យថា ជាមូលហេតុបណ្តាលឲ្យស្ត្រីមានផ្ទៃពោះ កើតទារកមកមានក្បាលតូចខុសពីធម្មតា។ ការរីករាលដាល នៃវីរ៉ុសនេះ ត្រូវបានគេរាយការណ៍ថា បានប៉ះពាល់ជាង ៣០ប្រទេស ហើយអង្គការសុខភាពពិភពលោក បានឲ្យដឹងកាលពីថ្ងៃទី១២កុម្ភៈថា ថ្នាំវ៉ាក់សុំាងវីរ៉ុស Zika គឺត្រូវការពេល១៨ខែ ដើម្បីធ្វើការសាកល្បងទ្រង់ទ្រាយធំ៕