(កោះកុង)៖ លោក ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលខេត្តកោះកុង ដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យមើលទីតាំងដំណើរការសាងសង់ទីលានផ្នូរសពយុទ្ធជន ក្នុងទីរួមខេត្តកោះកុង។
ក្នុងដំណើរនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោក ដុំ យុហៀន បានលើកឡើងថា ក្នុងនាមលោកតំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្តកោះកុង លោកមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលរាជរដ្ឋាភិបាល និងតំបន់ប្រតិបត្តិការ សឹកកោះកុង បានយកចិត្តទុក្ខដាក់ក្នុងស្ថាបនាហេដ្ឋរចនាសម្ព័ន្ធទីលានផ្នូរសពយុទ្ធជននេះឡើង ដើម្បីជាឧទ្ទិកុសលគោរពវិញ្ញាណក្ខន្ធ ដល់យោធពលខេមរភូមិន្ទ ដែលលះបង់អាយុជីវិតធ្វើពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងការការពារបូរណភាពទឹកដី និងការពារអាយុជីវិតប្រជាពលរដ្ឋ ការពារប្រទេសជាតិឲ្យបានគង់វង្សដល់បច្ចុប្បន្ននេះ។
តំណាងរាស្ដ្របានបន្ថែមថា កម្ពុជាមានសន្តិភាពមានការអភិវឌ្ឍ មានសេរីភាពពេញលេញ មានការរីកចម្រើន មានធនធានមនុស្សគ្រប់បែបយ៉ាង ទាំងអស់នេះហើយកើតចេញមកពីការលះបង់គ្រប់បែបយ៉ាងមិនថា ភ្លៀងខ្យល់ផ្គររន្ទះ កងទ័ពដ៏ក្លាហាននៅតែកាន់អាវុធក្នុងដៃយ៉ាងរឹងមុំា មិនខ្លាចខ្លាំងសត្រូវមិនឲ្យចូលមកបៀតបៀនទឹកដីបានឡើង។
ក្នុងឱកាសនេះ តំណាងរាស្រ្តបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន សម្រាប់ការសាងសង់ទីលានផ្នូរសពយុទ្ធជន ចំនួន២,០០០ដុល្លារ និងសប្បុរសជន លោក ភោគ ចន្ថា ជួយឧបត្ថម្ភចំនួន២,០០០ដុល្លារ។ បន្ថែមពីនេះ លោកបានផ្តល់វត្ថុអនុស្សាវរីយ៍ ដល់យោធពលចំនួន១២នាក់ នូវក្រម៉ា១ និងថវិកាចំនួន៥ម៉ឺនរៀល ក្នុងម្នាក់ៗ និងកម្មករសំណង់ចំនួន៦នាក់ផងដែរ។
លោកវរសេនីយ៍ឯក ប្រាក់ យន្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរកកោះកុង បានថ្លែងថា លោក និងខិតខំបន្តបន្ថែមទៀត ក្នុងការគៀងគររកមូលនិធិពី សប្បុរសជន ដើម្បីសាសង់ទីលានផ្នូរសពយុទ្ធជនឲ្យឆាប់ហើយរួចរាល់ ហើយលោកក៏សូមអំណរគុណសប្បុរសជន តែងតែជួយឧបត្ថម្ភ និងគាំទ្ររាល់គម្រោងសាងសងទីលានផ្នូរសពយុទ្ធជននេះ៕