(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ បានផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខ ចំពោះការយាងចូលព្រះទិវង្គត សម្តេចព្រះបរមរាមា នរោត្តម យុវនាថ។
សាររំលែកព្រះមរណទុក្ខដែលអង្គភាពព័ត៌មាន Fresh News ទទួលបានមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ « ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំបំផុតដោយទទួល បានដំណឹងសម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងចូលព្រះទិវង្គតនៅថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា ដោយព្រះរោគាពាធ។
ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខជាមួយ អ្នកម្នាង និងបុត្រា បុត្រី ព្រមទាំងរាជវង្សានុវង្សប្រកបដោយក្តីក្តុកក្តួល សង្វេគ សោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ព្រោះថាការបាត់បង់សម្តេចព្រះបរមរាមានរោត្តម យុវនាថ គឺជាការបាត់បង់ព្រះស្វាមី ព្រះបិតា ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ ពិសេសគឺជាការបាត់បង់អង្គ ព្រះរាជវង្ស ទ្រង់ស្នេហា ជាតិ សាសនា ព្រះមហាក្សត្រ មួយព្រះអង្គដ៏ល្អឆ្នើមបំផុត។
ខ្ញុំសូមឧទ្ទិសបួងសួងដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់យាងយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗព្រះជាតិ កុំបីឃ្លៀងឃ្លាតឡើយ»។
សូមបញ្ជាក់ថា សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅប្រទេសកម្ពុជា)។នេះបើតាមការជូនដំណឹងរបស់មន្រ្តីព្រះបរមរាជវាំង។
សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ជាព្រះរាជបុត្រាច្បង នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ វររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ពង្សសានមុនី។ សម្តេចព្រះបរមរាមា ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕