(សៀមរាប)៖ ក្នុងគោលបំណងតាមដានការអនុវត្តការងាររបស់អាជ្ញាធរជាតិអប្សរា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យសកម្មភាពលើកតម្លៃបរិវេណក្រុងអង្គរធំទាំងមូល ។
សកម្មភាពទាំងនោះរួមមានការកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី ការរៀបចំជាផ្លូវថ្មើរជើង និងប្រព័ន្ធរំដោះទឹក ព្រមទាំងដាំស្មៅឲ្យមានភាពបៃតងស្រស់បំព្រងជាប្រចាំ។
សកម្មភាពនេះធ្វើឡើងនៅរសៀលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។
ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រីបានពិនិត្យមើលរណ្តៅកំណាយបុរាណវិទ្យាបង្ការ និងលទ្ធផលស្រទាប់ដីដែលអ្នកជំនាញបុរាណវិទ្យាកំពុងតែបំពេញ ដើម្បីស្វែងយល់អំពីទំនាក់ទំនងប្រវត្តិសាស្ត្រនៃបរិវេណមុខព្រះលានជល់ដំរី ជាមួយនឹងប្រាង្គប្រាសាទដែលនៅទីនោះ៕