Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពនាយទាហាន ដែលស្លាប់បន្ទាប់ពីលោតឆត្រយោង

15-01-2021 22:07

(កំពង់ឆ្នាំង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដល់គ្រួសារសព លោកវរសេនីយ៍ ទោ លឹម សាយ នាយរង សាលាហ្វឹកហ្វឺន បញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆត្រយោង៩១១ ដែលបានពលីនៅពេលកំពុងបិទវគ្គហ្វឹកហ្វឺន នៅសាលាទ័ពពិសេសតេជោសែនឱរ៉ាល់ នៃបញ្ជាការដ្ឋានទ័ពពិសេស កាលពីវេលាម៉ោង១២៖៣០ព្រឹក កាលពីថ្ងៃព្រហស្បតិ៍ទី១៤ ខែមករា ឆ្នាំ២០២១ ក្នុងជន្មាយុ៥៣ឆ្នាំ។

នារសៀលថ្ងៃសុក្រ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងចូលបច្ច័យ ១០លានរៀល និងសម្ភារមួយចំនួន ជូនដល់ក្រុមគ្រួសារសព។ ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងនៅគេហដ្ឋានសព ស្ថិតនៅភូមិតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

មរណភាព របស់វរសេនីយ៍ទោ លឹម សាយ គឺមិនត្រឹមតែជាការបាត់បង់ ឧត្តមស្វាមី បិតា ជាទីគោរពស្រឡាញ់ប្រកប ដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាមិនចេះរីងស្ងួត ចំពោះលោកស្រី បុត្រា បុត្រី ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ វីរៈយុទ្ធជនកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានបំពេញភារកិច្ចពោរពេញដោយស្នាដៃ និងគុណបំណាច់យ៉ាងធំធេង ចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ក្នុងមរណភាពដ៏ក្តុកក្តួលនេះ សូមឧទ្ទិសបួងសួងដល់ដួង វិញ្ញាណកន្ធ លោកវរសេនីយ៍ទោ លឹម សាយ បានចប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕