(ភ្នំពេញ)៖ ព្រឹកមិញសុំលុយប្រពន្ធបាន៣ម៉ឺនរៀល ក៏នឹកឃើញបាយភ្លៅមាន់ជាប់កញ្ចូញ នៅហាងក្បែរហ្សង់កុង ព្រោះនាយខ្វែកព្រឹកឡើងមានលទ្ធភាពត្រឹមបាយ ជាមួយត្រីប្រឡាក់នៅផ្ទះ ឬបាយសាច់ជ្រូកចៀននៅតាមចិញ្ចើមផ្លូវប៉ុណ្ណោះ យូរៗទើបហ៊ានចូលហាងបាយមាន់ថ្លៃនឹងគេម្ដង។ កំពុងខាំទាញសាច់មាន់ឆ្ងាញ់ជាមួយជ្រក់ ស្រាប់តែមានសំលេងស្រែកឡើងថា៖ អាខ្វែក! ថ្ងៃសៅរ៍នេះមិនទៅណាទេឬ បានមកអង្គុយស៊ីបាយមាន់ម្នាក់ឯងទៅវិញ។ នាយខ្វែកក្រឡេករកប្រភពសំលេងទើបស្គាល់ថា អាខ្វៃសោះ! យី ! អានេះឥឡូវធ្វើគយទៀត បានស្លៀកឯកសណ្ឋានគយបែបនេះ! វាក៏ឆ្លើយថា អញធ្វើគយយូរហើយ អាខ្វែកឯងមិនដឹងទេអី! ថ្ងៃនេះអញប្រចាំការបានជាស្លៀកឯកសណ្ឋានទាំងថ្ងៃសៅរ៍។
ក្រោយពីសួរសុខទុក្ខគ្នាអស់មួយសន្ទុះធំនឹងដឹងថា នាយខ្វែកជាអ្នកសរសេរកាសែតរួចមក ស្រាប់តែវាលាន់មាត់ថា វារកមុខអ្នកកាសែតយូរហើយ ព្រោះចង់ទម្លាយរឿងខ្លះ តែខ្លាចបែករឿងថា វាជាអ្នកបញ្ចេញ ឥឡូវបានមិត្តភក្ដិសំឡាញ់អាប់ធ្វើអ្នកកាសែត អញ្ចឹងវាមិនខ្លាចទម្លាយរឿងទេ ដើម្បីអោយវាធូរទ្រូងខ្លះ។
អាខ្វៃវាថា តាំងពីរាជរដ្ឋាភិបាលប្រកាសធ្វើកំណែទម្រង់ ជាពិសេសនៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដែលក្រុមយុវជនត្រូវបានថ្នាក់ដឹកនាំ ទាំងរាជរដ្ឋាភិបាល ទាំងគណបក្សយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមការងារសង្គម ការងារជាតិកាលណាមក រាជរដ្ឋាភិបាលបានប្រកាន់ជំហរប្ដូរផ្ដាច់ ដោយកំណត់ឲ្យមន្ត្រីចាស់ៗដែលដល់អាយុចូលនិវត្តន៍ ត្រូវតែដាក់ឲ្យចូលនិវត្តន៍ដោយមិនយោគយល់ ឬលើកលែងអនុញ្ញាតឲ្យពន្យារអាយុនោះឡើយ។
តាំងពីរាជរដ្ឋាភិបាលធ្វើការប្ដេជ្ញាចិត្តមកឃើញថា មិនថាមន្ត្រីថ្នាក់ណាឬថ្នាក់ណាទេ ឲ្យតែដល់អាយុចូលនិវត្តន៍ត្រូវតែដាក់ឲ្យចូលនិវត្តន៍ ទោះជាមានស្ថាប័នខ្លះនៅឃុបឃិតលួចលាក់ពន្យារ ឬបន្ថយអាយុក៏ដោយ។
ឥឡូវនៅស្ថាប័នគយរបស់វាស្រាប់តែមានមន្ត្រីជាន់ខ្ពស់ចំនួន ២នាក់ ដែលកាន់សុទ្ធតែកន្លែងខ្លាញ់ឡើងដុះស្លែមកហើយនោះ កំពុងនាំគ្នារត់ ការពន្យារអាយុចូលនិវត្តន៍ ខណៈពួកគាត់ដល់អាយុចូលនិវត្តន៍ឆាប់ៗនេះទៅហើយ។ អាខ្វៃវាថា មន្ត្រីគយដែលកំពុងនាំគ្នារត់ការ ពន្យារកំណើតខាងលើនេះ បច្ចុប្បន្នមានតួនាទីសុទ្ធតែអគ្គនាយករងគយឯណោះ។
ក្នុងនោះម្នាក់ម្នាក់ជាប្អូនប្រុសរបស់អតីតមេគយចាស់ ត្រូវដល់អាយុចូលនិវត្តន៍នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ខាងមុខ និងម្នាក់ទៀតអតីតជាប្រធានសាខាគយ ខេត្តបន្ទាយមានជ័យ និងមានប្រពន្ធជាឈ្មួញរកស៊ីនាំស្ករសដ៏ល្បីល្បាញ គ្មានអ្នកណាហ៊ានប៉ះនោះ ត្រូវដល់អាយុចូលនិវត្តន៍នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះហើយ (ថ្ងៃនេះតែម្តង)។
អាខ្វៃវាខ្សឹបថា បើប្រមុខរាជរដ្ឋាភិបាល មិនមានវិធានការទប់ស្កាត់ទេ គម្រោងការរត់ការសុំពន្យារអាយុរបស់មន្ត្រីថ្នាក់ អគ្គនាយករងគយទាំង២នាក់ខាងលើនេះ គ្មានអ្វីរារាំងបានទេ ព្រោះទឹកលុយ និងឥទ្ធិពលបក្ខពួករបស់ លោកអគ្គនាយករងទាំង២នាក់ខាងលើនេះ មិនអាចធ្វើអោយអ្នកល្មមៗទប់ស្កាត់នូវផែនការរបស់ពួកគាត់បានឡើយ ក្រៅតែពីប្រមុខរាជរដ្ឋាភិបាលនោះ ព្រោះកុំថាឡើយមន្ត្រីស្ថាប័នក្រសួងជាមួយ សូម្បីតែមន្ត្រីនៅក្រសួងមុខងារសាធារណៈក៏ងងឹតមុខឈឹង ដោយសារដុំដុល្លាររបស់ពួកគាត់ដែរ។
ខាងលើនេះវាគ្រាន់តែជាសំដីដែលអាខ្វៃមាត់ដាច វាលួចខ្សឹបពេលជួបនាយខ្វែក នៅហាងបាយមាន់ហ្សង់កុងប៉ុណ្ណោះ ឯរឿងលោកអគ្គនាយករងគយ ពិតជានាំគ្នារត់ការពន្យារកំណើត ឬយ៉ាងណានោះគ្មានអ្នកណាដឹងឡើយ ព្រោះសុទ្ធតែជារឿងសម្ងាត់ក្រោមតុតែនាយខ្វែកសង្ឃឹមថា ពួកគាត់នឹងមិនរត់ការពន្យារកំណើតបន្តធ្វើការ ធ្វើបាបខ្លួនតទៅទៀតចុះ ទុកឲ្យក្មេងៗជំនាន់ក្រោយគេមានឱកាស ធ្វើការងារបង្កើតស្នាដៃជូនជាតិផង៕