(ក្រចេះ)៖ សាកសពសត្វផ្សោតពេញវ័យមួយក្បាលទម្ងន់ជិត ១០០គីឡូក្រាម ត្រូវបានប្រទះឃើញងាប់កាលពីល្ងាចទី១៤ ខែមករាឆ្នាំ២០២១ ដោយជាប់មងក្រឡា១៥សង់ទីម៉ែត្រ ប្រវែងប្រមាណជា៦០ម៉ែត្រ ដែលជនល្មើសបានលួចដាក់បង្កប់ក្នុងទឹកជ្រៅនៅត្រង់ចំនុចកាំងប្រហុកស្ថិតនៅក្នុងអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

យោងតាមរបាយការណ៍អង្គការ WWF ប្រចាំខេត្តក្រចេះ បានបញ្ជាក់ថា លោក មួង ដា ជាអ្នកបើកទូកជូនភ្ញៀវទេសចរណ៍មើលសត្វផ្សោតនៅរម្មណីយដ្ឋានអន្លង់ផ្សោតកាំពី ដែលរស់នៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ជាអ្នកប្រទះឃើញ។ លោកក៏បានរាយការណ៍ជូនមកលោក គឹម គី និងលោក ស្រី ស៊ីថា ជាមន្ត្រីប៉ូលីសទេសចរណ៍ប្រចាំនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី។

ក្រោយពីបានព័ត៌មាននេះភ្លាមលោក គឹម គី និងក្រុមអ្នកបើកទូកជូនភ្ញៀវទេសចរណ៍ក៏បានចុះ ទៅត្រួតពិនិត្យសាកសពសត្វផ្សោតនោះភ្លាមៗ និងបានកាត់សាច់មងដែលរុំជាប់ខ្លួនផ្សោត រួចបាននាំយកសាកសពផ្សោតមកប្រ គល់ជូនក្រុមការងារឆ្មាំទន្លេ ប្រចាំប៉ុស្តិ៍កាំពី។

បន្ទាប់មកក្រុមការងារឆ្មាំទន្លេក៏បានរាយការណ៍ជូនមកលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងជាប្រធានឆ្មាំទន្លេប្រចាំខេត្តក្រចេះ ហើយបាននាំយកសាកសពសត្វផ្សោតនោះមកកាន់ទីរួមខេត្តក្រចេះ ពេលនោះលោកក៏បានចាត់មន្រ្តីជំនាញ ជានាយរងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងជាមន្រ្តីសហការជាមួយអង្គការ WWF ប្រចាំខេត្តក្រចេះ រួមជាមួយមន្រ្តីផ្នែកស្រាវជ្រាវនៃអង្គការ WWF ប្រចាំខេត្តក្រចេះ ចុះទៅពិនិត្យ និងទទួលយកសាកសពសត្វផ្សោតនោះនៅចំណុចផែលើខេត្តក្រចេះ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

តាមការត្រួតពិនិត្យជាក់ស្តែងរបស់ក្រុមការងារឃើញថា សាកសពសត្វផ្សោតមានសភាពហើម រលាត់ស្បែកមួយចំនួន និងមានមងក្រឡាទំហំ១៥សង់ទីម៉ែត្ររុំជាប់នៅគល់កន្ទុយ និងលើដងខ្លួនទាំងមូលរបស់សាកសពសត្វផ្សោត។

ក្រោយពីបានធ្វើការពិនិត្យសាកសពសត្វផ្សោតរួចរាល់ក្រុមការងារក៏បានសន្និដ្ឋានថាសត្វផ្សោតនេះបានស្លាប់ដោយសារ ការជាប់ទៅនឹងមងនេសាទ វាជាផ្សោតពេញវ័យដែលរស់នៅអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

បន្ទាប់ពីបានធ្វើការត្រួតពិនិត្យសាកសពផ្សោតរួចរាល់ហើយក្រុមការងារក៏បានធ្វើការ ថ្លឹងទម្ងន់ ថតរូប វាស់វែង ដែលមានទិន្ន័យសង្ខេបដូចខាងក្រោម៖ ផ្សោតដែលបានងាប់នេះ ជាផ្សោតឈ្មោល មានប្រវែង ១៩៨សង់ទីម៉ែត្រ ទម្ងន់៨៥គីឡូក្រាម
អាយុកាលប៉ាន់ប្រមាណពី១២ ទៅ១៥ឆ្នាំ ស្ថានភាពហើមស្អុយរយៈពេលស្លាប់ ប្រហែល៣ថ្ងៃ។

សាកសពសត្វផ្សោតត្រូវបានក្រុមការងាររក្សាទុកក្នុងធុងក្លាសេ បានធ្វើការវះកាត់យកសំណាកគំរូរវិភាគសម្រាប់ផ្នែកវិជ្ជសាស្រ្តនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ហើយបានរក្សាទុកសំណាកទាំងអស់ក្នងទូរក្លាសេ នៅការិយាល័យអង្គការ WWF ប្រចាំខេត្តក្រចេះ។

សាកសពសត្វផ្សោតនេះជាផ្សោតទីពីរហើយដែលបានស្លាប់នៅក្នុងឆ្នាំ២០២១នេះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមករា ដែលក្នុងនោះរួមមានកូនផ្សោតចំនួន ០១ក្បាលបានស្លាប់ និងផ្សោតពេញវ័យចំនួន ០១ក្បាលបានស្លាប់។

លោក ម៉ុក ពន្លក បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាល្ងាចទីថ្ងៃទី១៥ ខែមករានេះថា ចាប់ពីថ្ងៃទី១ ខែមករា លោកបានដាក់ផែនការចុះធ្វើការ ដោយបានសហការជាមួយអាជ្ញាធរមូលដ្ឋាន នគរបាលប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ និងសហគមន៍នេសាទ បានចុះល្បាតជារៀងរហូត ក៏ប៉ុន្តែនៅតែមានជនសង្ស័យ ខូចខិលលួចដាក់មងនៅក្នុងអន្លង់ បំផ្លិចបំផ្លាញ់ធ្វើឱ្យផ្សោតស្លាប់។

លោកបានបញ្ជាក់ទៀតថា សម្ថកិច្ចខំប្រឹងណាស់ តែនៅក្រុមជនល្មើសទាំងនោះ ឆ្លៀតឱកាសនៅពេលក្រុមល្បាតចូលខាង ពេលខ្លះសមត្ថកិច្ចល្បាតពេលថ្ងៃ យប់មិនបានទៅក្រុមជនខិលខូចទាំងនោះឆ្លៀតទៅមងពេលយប់ដើម្បីបំផ្លិចបំផ្លាញ់ទៀត។ បច្ចប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវវែករកមុខសញ្ញា អ្នកដាក់មងក្នុងអន្លង់ ដើម្បីបញ្ជូនសំណុំរឿងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕