(ស្ទឹងត្រែង)៖ គ្រឿងញៀនចំនួន៥គីឡូក្រាមបន្ថែមទៀត ត្រូវបានសមត្ថកិច្ចរកឃើញ ក្រោយចាប់ខ្លួនជនជាតិឡាវ២នាក់ នៅខេត្តស្ទឹងត្រែង សរុបគ្រឿងញៀនដែលដកហូតបានក្នុងប្រតិបត្តិការនេះ ចំនួន៤៦គីឡូក្រាម។

គួរជម្រាបថា កម្លាំងជំនាញ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីកម្លាំងនគរបាលខេត្តស្ទឹងត្រែង បានបង្ក្រាបករណីជួញដូរឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្រ្ត ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

ប្រតិបត្ដិការនេះធ្វើឡើងនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ជាជនជាតិឡាវ ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ត្រីនគរបាលបានបញ្ជាក់ថា នៅវេលាម៉ោង២០៖១០នាទី នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញ «ក៩» នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យិន បញ្ញារិទ្ធ នាយរងមន្ទីរ និងនាយការិយាល័យ «ក៩» ដុសវណ្ណា សុវឌ្ឍនៈ ក្រោមការសម្របសម្រួលដោយ លោកព្រះរាជអាជ្ញា ជេត ខេមរា បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបនៅចំណុចស្ពានទី២ច្រករបៀង ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ជាលទ្ធផលកម្លាំង បានឃាត់បានជនសង្ស័យ០២នាក់៖ ទី១៖ ឈ្មោះ អកា ថ អាយុ២៩ឆ្នាំ ជនជាតិឡាវ និងទី២៖ ឈ្មោះ ទុន កែវ អាយុ ២៨ឆ្នាំ ជនជាតិឡាវ ហើយភ្លាមរកឃើញគ្រឿងញៀន៤១ដុំ ស្មើនឹង៤១គីឡូក្រាម លុះព្រឹកឡើងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានចម្លើយសារភាព កម្លាំងជំនាញបាននាំជនសង្ស័យទាំង២នាក់ ទៅយកគ្រឿងញៀន៥ដុំបន្ថែមទៀត ស្មើនឹង៥គីឡូក្រាម ដែលពួកគេលាក់ទុក។

បច្ចុប្បន្នជនសង្ស័យខាងលើ មន្រ្តីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការ អមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី៕