(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បាននឹងកំពុងស្រាវជ្រាវ លើករណីរកឃើញអ្នកផ្ទុកមេរោគអេដស៍ថ្មី ចំនួន១៤នាក់ផ្សេងទៀត នៅភូមិតូចមួយ ក្នុងមូលដ្ឋានខេត្តកណ្តាល នេះបើយោងតាមលោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់អង្គភាព Fresh News ឱ្យដឹងនៅមុននេះ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦។
ប្រជាពលរដ្ឋ១៤នាក់ រស់នៅក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល នាថ្មីៗនេះ ត្រូវបានមន្ទីរពេទ្យសម្តេចឪ នៅរាជធានីភ្នំពេញ ពិនិត្យឃើញថា បានឆ្លងមេរោគអេដស៍។ ទោះជាយ៉ាងនេះក្តី មន្រ្តីសុខាភិបាល ពុំទាន់ហ៊ានអះអាងថា ករណីនេះដូចទៅនឹងករណី នៅឃុំរកា ខេត្តបាត់ដំបង ឬយ៉ាងណានោះទេ។
ចំពោះករណីនេះ Fresh News មិនអាចទំនាក់ទំនងទៅប្រធានមន្ទីរសុខាភិបាល ខេត្តកណ្តាល បាននៅឡើយទេ ដោយឡែក លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានអះអាងថា លោកពុំទាន់ដឹងរឿងនេះនៅឡើយ។ លោកថា នឹងស្រាវជ្រាវចំពោះករណីនេះដូចគ្នា។
សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៤ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងមានករណីនៃការឆ្លងមេរោគអេដស៍ទៅលើមនុស្សប្រមាណ២៣៨នាក់ ក្នុងមួយរយៈពេលខ្លីប៉ុណ្ណោះ ដែលក្រោយមកត្រូវបានសមត្ថកិច្ចរកឃើញថា ករណីនេះបង្កមកពីពេទ្យប្រចាំភូមិម្នាក់ ឈ្មោះ យ៉ែម ជ្រិន ហើយពេលនេះ តុលាការខេត្តបាត់ដំបងបានផ្តន្ទាទោសពេទ្យភូមិ ឲ្យជាប់ទោស២៥ឆ្នាំ។
គិតរហូតដល់ពេលនេះ មានអ្នកភូមិឆ្លងមេរោគអេដស៍នៅឃុំរកា ចំនួន១១នាក់បានស្លាប់ ដែលក្នុងនោះភាគច្រើនជាមនុស្សចាស់៕