(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខ ចំពោះការយាងចូលព្រះទិវង្គត សម្តេចព្រះបរមរាមា នរោត្តម យុវនាថ។

សាររំលែកព្រះមរណទុក្ខដែលអង្គភាពព័ត៌មាន Fresh News ទទួលបានមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ «ខណៈនេះរូបខ្ញុំ និងភរិយាមានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា សម្តេចព្រះបរម
រាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលព្រះទិវង្គតនៅថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក ក្នុងព្រះជន្មាយុ៧៨ ព្រះវស្សា ដោយព្រះរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ រូបខ្ញុំ និងភរិយាសូមចូលរួមរំលែកនូវមរណទុក្ខជាមួយ
អ្នកម្នាង រួមទាំងបុត្រា បុត្រី ប្រកបដោយអនិច្ចលក្ខណធម៌ សង្វេគ សោកស្តាយ ស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់សម្តេចព្រះបរមរាមា នរោត្តម យុវនាថ គឺជាការបាត់បង់ព្រះស្វាមី
ប្រកបដោយសង្គហធម៌ និងការបាត់បង់ព្រះបិតា ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ ពិសេសគឺការបាត់បង់អង្គព្រះរាជវង្សទ្រង់ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ មួយព្រះអង្គដ៏ល្អឆ្នើមបំផុតផងដែរ។

ជាមួយគ្នានេះ រូបខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម
យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងយោនយកកំណើតកើតក្នុង
សុគតិភពគ្រប់ៗព្រះជាតិ កុំបីឃ្លៀងឃ្លាតឡើយ»។

សូមបញ្ជាក់ថា សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅប្រទេសកម្ពុជា)។នេះបើតាមការជូនដំណឹងរបស់មន្រ្តីព្រះបរមរាជវាំង។

សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ជាព្រះរាជបុត្រាច្បង នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ វររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ពង្សសានមុនី។ សម្តេចព្រះបរមរាមា ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕