(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ Fresh News មុននេះបន្តិចនា រសៀលថ្ងៃទី២០ ខែកុម្ភៈនេះថា អ្នកជំងឺផ្តាសាយជ្រូក ប្រភេទ H1N1 កំពុងត្រូវបានដាក់ឲ្យ​នៅដាច់​ដោយឡែកពីគេ នៅមន្ទីរពេទ្យរុស្សី និងកំពុងស្ថិត​ក្រោមការយក​ចិត្តទុកដាក់បំផុតពីក្រុមគូ្រពេទ្យនៅទីនោះ។​

លោកស្រីអ្នកនាំពាក្យរូបនោះបានអះអាងថា អ្នកជំងឺធ្លាប់បានធ្វើដំណើរតាមបណ្តាខេត្តនានា និងធ្លាប់មានជំងឺសួតផងដែរ។ ជំងឺនេះជាប្រភេទ H1N1 ជំងឺនេះអាចឆ្លងតាមរយៈផ្លូវដង្ហើម និងកណ្តាស។ ជំងឺផ្តាសាយជ្រូកនេះ ប្រសិនបើកើតនៅលើអ្នកមានជំងឺសួតនោះ វានឹងធ្វើឲ្យមានសភាពធ្ងន់ធ្ងរ ប៉ុន្តែវាមិនមែនជាជំងឺចម្លែកនោះទេ គ្រាន់តែខុសប្លែកពីជំងឺផ្តាសាយធម្មតាបន្តិចបន្តួច

សូមជំរាបថា បុរសដែលកំពុងរងនូវការវាយប្រហារពីជំងឺ​ផ្តាសាយជ្រូក ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី មានឈ្មោះ ឃុន ណូ អាយុប្រហែល៣០ឆ្នាំ មានមុខងារ Cameraman នៅស្ថានីយ៍ទូរទស្សន៍ CTN ៕