(ភ្នំពេញ)៖ ស្របពេលដែលរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ លើកកម្ពស់ផលិតភាពក្នុងវិស័យកសិកម្ម នៅអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ នៅឆ្នាំ២០២០ កម្ពុជាអាចនាំចេញម្ទេសស្រស់ ជាង៧ម៉ឺនតោន កើនឡើងជាង ២៧ភាគរយ។
បើតាមទិន្នន័យបញ្ជាក់ពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការនាំចេញម្ទេសស្រស់ នៅឆ្នាំ២០២០ មានចំនួន ៧០ ៥៤៦តោន កើនឡើង២៧.០៨ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានចំនួន ៥៥ ៥១៣តោន។
លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា ផ្ទៃដីដាំម្ទេសក្នុងខេត្តបាត់ដំបង នៅឆ្នាំ២០២០ ក៏មានការកើនឡើង នៅតាមស្រុកមួយចំនួន។ លោកថា ផ្ទៃដីដាំដុះបន្លែ (បន្លែគ្រប់មុខ និងម្ទេស) ស្ថិតក្នុងខេត្តបាត់ដំបង នៅក្នុងឆ្នាំ ២០២០ បានកើនដល់ជាង ១,០០០ហិកតា ហើយការកើនឡើងផ្ទៃដីដាំដុះនេះ ដោយសាររដ្ឋាភិបាលបានដាក់ចេញគោលនយោបាយក្នុងការពង្រឹង និងពង្រីកសក្តានុពលផលិតផលកសិកម្ម។
លោកបញ្ជាក់ថា បើទោះបីជានៅក្នុងឆ្នាំ២០២០ ជួបវិបត្តិជំងឺកូវីដ១៩ក្ដី តម្លៃម្ទេសបានកើនឡើងខ្ពស់ជាងឆ្នាំមុនច្រើន ហើយទីផ្សារក៏មិនជួបការលំបាកដែរ។
លោកបញ្ជាក់ទៀតថា មន្ទីរកសិកម្ម និងអាជ្ញាធរខេត្ត តែងតែជំរុញ និងលើកទឹកចិត្តឲ្យកសិករ បង្កើនការដាំដុះដំណាំផ្សេងៗ សម្រាប់ផ្គត់ផ្គង់នៅតម្រូវការទីផ្សារ។ លើសពីនេះទៅទៀត ក៏មានការជំរុញឲ្យធ្វើកសិកម្ម ជាលក្ខណៈបណ្តុះអាជីវកម្ម ឬការទិញ-លក់តាមរយៈកិច្ចសន្យាផងដែរ។
សម្រាប់ផ្ទៃដីដាំដុះម្ទេសក្នុងឆ្នាំនេះ នឹងមានសកម្មភាពល្អជាងឆ្នាំមុន ព្រោះក្នុងឆ្នាំ២០២០កន្លងទៅមានសហគមន៍កសិកម្មចំនួន៩៦ បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន ឬអ្នកប្រមូលទិញដោយផ្ទាល់ផងដែរ។
លោក ព្រំ វិត អនុប្រធានការិយាល័យស្ថានការណ៍គណនីកសិកម្មខេត្តបាត់ដំបង បានបញ្ជាក់ថា សម្រាប់ផ្ទៃដីដាំដុះដំណាំម្ទេសនៅឆ្នាំ២០២០ ក្នុងខេត្តបាត់ដំបង មានចំនួន ១៩៦ហិកតា និងប្រមូលផលិតបានជាង៥៣៦តោន។
លោកបញ្ជាក់បន្តថា ចំពោះតម្លៃម្ទេសនៅឆ្នាំ២០២០វិញ សម្រាប់ការនាំចេញមានតម្លៃចាប់ពី ៨,០០០រៀល ដល់១៥,០០០រៀល ក្នុង១គីឡូក្រាម តែដោយឡែងបើធៀបនឹងតម្លៃម្ទេស ដែលនាំចេញនៅឆ្នាំ២០១៩ វិញឃើញថា មានតម្លៃត្រឹមតែពី ៣,០០០រៀល ទៅ៤,០០០រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានឲ្យដឹងថា ទោះបីទិន្នផលម្ទេសស្រស់ក្នុងខេត្តបាត់ដំបង កាលពីឆ្នាំ២០២០ មិនកើនឡើងច្រើន ប៉ុន្តែសម្រាប់ការនាំចេញម្ទេសស្រស់ ទៅប្រទេសថៃដោយឆ្លងកាត់តាមខេត្តបាត់ដំបង គឺមានចំនួនជាង ៣២,០០០តោន៕