(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា លោកស្រី Liurka Rodriguez Barrios បានជួបសំណេះសំណាលការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយលោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News នៅក្នុងស្ថានទូតគុយបា នៅរាជធានីភ្នំពេញ។

ជំនួបរវាងលោកស្រីឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា ជាមួយលោក លឹម ជាវុត្ថា បានធ្វើឡើងដោយសារតែលោកស្រីចង់ស្វែងយល់ពីការងារផ្សព្វផ្សាយព័ត៌មាននានា នៅក្នុងប្រទេសកម្ពុជា ព្រោះលោកស្រីអតីតក៏ជាអ្នកសារព័ត៌មានមួយរូបផងដែរ ។ ក្នុងជំនួបនោះលោកស្រី បានចែករំលែក និងរៀបរាប់ពីប្រវត្តិប្រទេសគុយបា និងប្រាប់ពីស្ថានភាពនានារបស់ប្រទេសគុយបាផងដែរ។

ជាការឆ្លើយតប លោក លឹម ជាវត្ថា បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះការផ្តល់ឱកាសជួបសំណេះសំណាលជាមួយលោកស្រី និងពិសារអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ដែលចំអិនដោយលោកស្រីឯកអគ្គរដ្ឋទូតផ្ទាល់។ លោកអគ្គនាយក ក៏បានរៀបរាប់ពីវឌ្ឍនភាពរបស់អង្គភាពព័ត៌មាន Fresh News ដល់លោកស្រីឯកអគ្គរដ្ឋទូត បានជ្រួតជ្រាបទៀតផង។

សូមបញ្ជាក់ថា លោកស្រី Liurka Rodriguez Barrios បានក្លាយជាឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា តាំងពីដើមឆ្នាំ២០២០មក ហើយក្នុងបេសកកម្មរបស់លោកស្រី បានធ្វើឲ្យចំណងទ្វេភាគីរវាងប្រទេសកម្ពុជា និងគុយបា កាន់តែស្អិតរមួតជាងមុន។ ក្នុងពេលកាន់តំណែងនេះ លោកស្រីធ្លាប់ជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឥស្សរជនជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត៕