(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះអនុស្សរណៈជាមួយអង្គការជំនួយរបស់វិហារដោណឺម៉ាក ប្រចាំនៅកម្ពុជា ដើម្បីជំរុញ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបជាបន្ទាន់នៅកម្ពុជានូវពេលមានគ្រោះមហន្តរាយកើតឡើងដោយធម្មជាតិ ឬមនុស្សបង្កឡើង និងធ្វើតាមច្បាប់វិធានបទបញ្ជា និងគោលនយោបាយជាតិជាធរមាន នៅកម្ពុជា។
ពិធីចុះអនុស្សរណៈរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការជំនួយរបស់វិហារដោណឺម៉ាក ប្រចាំនៅកម្ពុជា ធ្វើឡើងក្រោមអធិបតីភាពលោក ហង្ស សាមឿន អនុប្រធាន (គ.ជ.គ.ម) តំណាងឱ្យលោក ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងលោកស្រី គ្រីស្ទីន រ៉ាស្មូសិន្គ នាយិកា អង្គការជំនួយរបស់ វិហារដាណឺម៉ាក ប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពីមន្រ្តីថ្នាក់ដឹកនាំរបស់ (គ.ជ.គ.ម)។
លោកស្រី គ្រីស្ទីន រ៉ាស្មូសិន្គ បានថ្លែងថា អង្គការជំនួយរបស់វិហារដាណឺម៉ាក នៅកម្ពុជា (DCA) គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលការិយាល័យរបស់ខ្លួនបានបង្កើតឡើងនៅកម្ពុជា ក្នុងឆ្នាំ១៩៩៧។ វិស័យនៃកិច្ចសហប្រតឹបត្តិការ ភាគីនីមួយៗ នឹងខិតខំចាត់វិធានការចាំបាច់ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកទេស ទៅតាមសកម្មភាពដែលមាន៩ចំណុចដែលកំពុងធ្វើពិធីចុះអនុស្សរណៈរវាងគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងអង្គការជំនួយរបស់វិហារដោណឺម៉ាកប្រចាំនៅកម្ពុជានាពេលនេះ។
ជាមួយគ្នានេះដែរ លោក ហង្ស សាមឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការជំនួយរបស់វិហារដាណឺម៉ាកនៅកម្ពុជាដែលកន្លងមកតែងតែជួយគាំទ្រ និងកិច្ចសហជាមួយរាជរដ្ឋាភិបាល ជាពិសេសសហការ ជាមួយរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាបន្តបន្ទាប់លើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងចូលរួមលើកកម្ពស់ការយល់ដឹង និងបង្កើនសមត្ថភាពអំពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្នតាមរយៈវេទិកា ការបណ្តុះបណ្តាលសិក្ខាសាលាសារព័ត៌មាន ការប្រាស្រ័យទាក់ទង និងការបោះពុម្ភឯកសារផ្សព្វផ្សាយ។ មួយវិញទៀតចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីគោលនយោបាយ និងសកម្មភាពពាក់ព័ន្ធ នឹងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ។
លោក ហង្ស សាមឿន តំណាងអនុប្រធានទី១ បានបន្តថា គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ជាសេនាធិការឲ្យរាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីដឹកនាំគ្រប់គ្រង និងសម្របសម្រួលការងារគ្រប់គ្រងគ្រោះមហន្តរាយ ដែលបង្កឡើងដោយធម្មជាតិ ឬមនុស្សនៅក្នុងកម្ពុជា។
ក្នុងច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងផែនការ សកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០១៩-២០២៣ និងផែនការយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយដទៃទៀតផងដែរ។
ការចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពរបស់សហគមន៍ តាមរយៈការធ្វើសមាហរណកម្ម ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅក្នុងផែនការ និងផ្តល់ការគាំទ្រដល់សហគមន៍មូលដ្ឋាននានា។
លោក ហង្ស សាមឿន បានលើកឡើងថា ប្រសិទ្ធិភាព អនុស្សរណៈនៃការយោគយល់លើកលែងតែមានចែង ក្នុងអនុស្សរណៈនៃការយោគយល់នេះ មានកាតព្វកិច្ចតាមច្បាប់ជាតិ ឬច្បាប់អន្តរជាតិធ្វើតាមច្បាប់វិធានបទបញ្ជា និងគោលនយោបាយជាតិជាធរមាននៅក្នុងកម្ពុជា៕