(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបបានចេញប្រកាសថ្មីមួយ ស្ដីពីកាតព្វកិច្ចដាក់ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់សហគ្រាសផលិតក្នុងស្រុក។
ការដាក់ចេញនូវឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់សហគ្រាសផលិតក្នុងស្រុកនេះ ត្រូវបានលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ដើម្បីពង្រឹងការគ្រប់គ្រងលើផលិតករស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាទាំងអស់ ក្នុងន័យធ្វើយ៉ាងណាឲ្យការបង់ពន្ធ និងប្រកាសពន្ធស្មើភាពគ្នា។
ថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ លោក គង់ វិបុល បញ្ជាក់យ៉ាងដូច្នេះថា «ការដាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា លើសហគ្រាសក្នុងស្រុក ធ្វើឡើងដើម្បីពង្រឹងការគ្រប់គ្រង និងធ្វើអនុលោមភាព ចំពោះផលិតករទាំងអស់ ធ្វើយ៉ាងណាឲ្យមានការបង់ពន្ធ និងប្រកាសពន្ធស្មើភាពគ្នា ចៀសវាងអ្នកខ្លះបង់ពន្ធច្រើន អ្នកខ្លះផលិតបានច្រើន មិនព្រមបង់ពន្ធជាដើម»។
លោកអគ្គនាយកបន្ថែមថា ប្រកាសថ្មីនេះជាគោលដៅមួយ ដើម្បីធ្វើឡើងឲ្យស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្ដកៀរគរចំណូល រយៈពេលមធ្យោមឆ្នាំ២០១៩-២០២៣ ដែលធ្វើយ៉ាងណាពង្រឹងអនុលោមភាព ឲ្យមានការប្រកួតប្រជែងស្មើភាពគ្នា។
លោកបានបន្ដថា «កត្តាខាងលើនេះហើយទើប ធ្វើឲ្យក្រសួងសេដ្ឋកិច្ច បានរៀបចំយន្ដការនេះឡើង។ មែនទែនទៅយន្ដការនៃការគ្រប់គ្រងមានច្រើន ប៉ុន្ដែយន្ដការដែលកំពុងប្រើនេះ ត្រូវបានសិក្សាពីប្រទេសមួយចំនួន ហើយប្រទេសជិតខាងក៏បានធ្វើដូច្នេះដែរ ដើម្បីពង្រឹងការគ្រប់គ្រង។ ខ្ញុំជឿជាក់ថា អ្នកដែលបង់ពន្ធបង់ពន្ធច្រើន និងអ្នកមានអនុលោមភាព និងសប្បាយចិត្ត ពេញចិត្តចំពោះការរៀបចំរបស់ក្រសួងសេដ្ឋកិច្ចនេះ»។
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ប្រកាសស្ដីពី កាតព្វកិច្ចដាក់ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់សហគ្រាសផលិតក្នុងស្រុក មានគោលបំណងកំណត់អំពីវីធាន និងនីតិវិធីគ្រប់គ្រងការប្រើប្រាស់ឧបករណ៍វាស់ចំណុះស្រាបៀរ និង/ឬភេសជ្ជៈគ្មានជាតិសុរា ដែលផលិតក្នុងស្រុក និងពង្រឹងការគ្រប់ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ ជាពិសេសចំណូលអាករពិសេសលើស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ប្រកបដោយតម្លាភាព ប្រសិទ្ធភាពស័ក្ដិសិទ្ធិភាព និងធានាបាននូវការប្រកួតប្រជែងដោយស្មើភាព៕