(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោកសាស្រា្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល រួមដំណើរដោយលោកប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះត្រួតពិនិត្យ មណ្ឌលចត្តាឡីស័ក ក្នុងទីរួមខេត្តប៉ៃលិន និងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបងប្អូនជាមន្ត្រី បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកំលាំងកាយចិត្ត មិនខ្លាយនឿយហត់ក្នុងការផ្តល់សេវា ប្រកបដោយសីលធ៌មវិជ្ជាជីវៈកំរិតខ្ពស់ ជូនដល់ប្រជាពលរដ្ឋ នៅមណ្ឌលចត្តាឡីស័ក ក៏ដូចជាអ្នកជំងឺកូវីដ១៩ និងបងប្អូនអ្នកជំងឺផ្សេងៗទៀត ដែលកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។

ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យ បានចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារថ្មី របស់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីពង្រីកសមត្ថភាពទទួលជំងឺបន្ថែមទៀត។ ក្រោយពីអគារនេះសាងសង់រួច នៅខែវិច្ឆិកា ឆ្នាំ២០២១ មន្ទីរពេទ្យបង្អែកខេត្ត នឹងមានសមត្ថភាព ទទួលអ្នកជំងឺបាន២១០គ្រែ។

លោកមសាស្រ្តាចារ្យក៏បានឆ្លៀតពេលវេលា សួរសុខទុក្ខ ដល់បងប្អូនអ្នកជំងឺដែលបានមកសំរាលកូន និងសំរាកក្នុងមន្ទីរពេទ្យ និងលើកទឹកចិត្តអោយបងប្អូន បន្តប្រើប្រាស់សេវាសុខាភិបាលរបស់រដ្ឋ ដែលនៅជិតបងប្អូនបំផុត។

លោកបានផ្តាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋ និងជាពិសេសបុគ្គលិក មន្រ្តីសុខាភិបាល និងមន្រ្តីពាក់ពន្ធ័ទាំងអស់មេត្តាបន្តសហការគ្នាល្អ យកចិត្តទុកដាក់កំរិតខ្ពស់ ក្នុងការបង្ការការចំលងមេរោគកូវីដ១៩ តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និង ការណែនាំរបស់ក្រសួងសុខាភិបាល៕