(កណ្តាល)៖ ថ្លែងទៅកាន់ប្រជាកសិករនៅស្រុកល្វាឯម ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាកសិករ និងទីផ្សារផលិតផលកសិកម្ម របស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល កៀនស្វាយ និងល្វាមឯម បានស្នើសុំដល់បងប្អូនប្រជាកសិករ ត្រូវធ្វើការពង្រឹង និងពង្រីកសមត្ថភាពការដាំដុះបន្លែសុវត្ថិភាព ការចិញ្ចឹមសត្វ ឲ្យបានទិន្នផលខ្ពស់ ដើម្បីធ្វើការផ្គត់ផ្គង់ចូលទីផ្សារជំនួសឲ្យការនាំចូលពីក្រៅប្រទេស។

ការស្នើនេះធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាលជាមួយយុវជនបក្ស និងប្រជាកសិករក្នុងស្រុកល្វាឯម សរុបប្រមាណ២២០នាក់ ។

ក្នុងឱកាសនោះ លោក កៅ ថាច បានថ្លែងថា ការសំណេះសំណាលនេះ គ្រោងធ្វើជាច្រើនលើកមកហើយ ប៉ុន្តែដោយសារបញ្ហាកូវីដ១៩ ធ្វើឲ្យកម្មវិធីនេះត្រូវបានពន្យារ ពេលជាច្រើនដងច្រើនសារ។ ប្រទេសកម្ពុជាយើង មានភ័ព្វសំណាងល្អ ដោយសារយើងមានថ្នាក់ដឹកនាំឆ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រងទាន់ពេលវេលា។ តាមរយៈសកម្មភាព និងវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាល ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងចំណោមប្រទេស១៦៦ជុំវិញពិភពលោក។

លោក កៅ ថាច បានបន្ថែមទៀតថា ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានកំពុងអនុវត្តគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន៥០ លានដុល្លារអាមេរិក ដោយអត្រាការប្រាក់តែ ០.៤២ភាគរយក្នុងមួយខែ តែប៉ុណ្ណោះ ដើម្បីធ្វើការផ្តល់ជូនដល់បងប្អូនកសិករ ធ្វើការពង្រីកការដាំដុះបន្លែ ចិញ្ចឹមសត្វ វារីវប្បកម្ម និងការផលិតកែច្នែ ខ្សែច្រវាក់ផលិតកម្មកសិកម្ម ។

លោក កៅ ថាច បន្តលើកទឹកចិត្តដល់កសិករក្នុងស្រុកល្វាឯម ធ្វើការទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីស្នើសុំឥណទានក្នុងគម្រោងនេះ ដើម្បីយកទៅពង្រីកការដាំដុះបន្លែ និងចិញ្ចឹមសត្វជាដើម។

បច្ចុប្បន្នការផ្គត់ផ្គង់បន្លែ ត្រីសាច់ ចូលទីផ្សាររបស់បងប្អូនប្រជាកសិករ នៅមានកំរិតនៅឡើយ និងមិនអាចឆ្លើយតបបានគ្រប់គ្រាន់ សម្រាប់ការប្រើសប្រាស់ក្នុងស្រុក ដូចនេះយើងត្រូវធ្វើការនាំចូលបន្ថែមពីក្រៅប្រទេស ដើម្បីបំពេញបន្ថែមលើការក្វះខាត់។ ត្រង់ចំនុចនេះ បងប្អូនទាំងអស់គ្នាពិតជាបានទទួលស្គាល់ហើយថា នាំចូលទាំងនោះមានមួយចំនួនមានផ្ទុកសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់សុខមាលភាព បងប្អូនប្រជាពលរដ្ឋអ្នកប្រើសប្រាស់យ៉ាងខ្លាំង។ ហេតុនេះហើយ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោកពិតជាចង់ឃើញណាស់ បងប្អូនប្រជាកសិករខ្មែរ ខិតខំដាំដុះបន្លែ ពង្រីកការចិញ្ចឹម ប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ឲ្យបានច្រើន ដើម្បីធ្វើការផ្គត់ផ្គង់ចូលក្នុងស្រុក អោយបានគ្រប់គ្រាន់ មាននិរន្តភាព និងអាចឈានដល់ការនាំចេញ បានទៅក្រៅប្រទេសបាន។

លោក កៅ ថាច ចង់ទាញចំណាប់អារម្មណ៍របស់បងប្អូនកសិករ យុវជន ឲ្យមានឆន្ទះមុះមុតក្នុងការកែប្រែទំលាប់ការដាំដុះបន្លែ ការចិញ្ចឹមត្រី សត្វ ក្នុងនាមកសិករ ទៅធ្វើក្នុងនាមជាសហគ្រិន ពោលគឺការដាំដុះបន្លែ ការចិញ្ចឹម ដើម្បីធ្វើជាពាណិជ្ចកម្ម ដោយមានផែនការច្បាស់លាស់ សម្រាប់ការផ្គត់ផ្គង់ ក្នុងស្រុកអោយបានគ្រប់គ្រាន់ និងមានសមត្ថភាពអាចនាំចេញ ទៅក្រៅប្រទេសបាន។

លោកមានជំនឿជាក់ថា កាលណាបងប្អូននាំគ្នាកែប្រែទម្លាប់ក្នុងការដាំដុះ ការចិញ្ចឹម បានជោគជ័យ នោះកំរិតជីវភាពរបស់ប្អូននឹងមានការកែប្រែកាន់តែប្រសើរឡើង និងជួយកាត់បន្ថយភាពក្រីក្រ របស់បងប្អូនប្រជាពលរដ្ឋបាន។

លោក កៅ ថាច បានបន្តធ្វើការស្នើសុំបងប្អូនប្រជាកសិករ ធ្វើដាំការដុះបន្លែ ធ្វើការចិញ្ចឹម សូមមេត្តាធ្វើការយកចិត្តទុកដាក់ខ្ពស់ អំពីគុណភាព និងអនុវត្តតាមគោលការណ៍កសិកម្មល្អ ដើម្បីលើកកម្ពស់សុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋខ្មែរ។

លោកបន្តលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ឱ្យរៀបចំចងក្រងគ្នាជាសហគមកសិកម្ម និងត្រូវមានផែនការដាំដុះ ការផលិត ការចិញ្ចឹម ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ កាលណាកសិករ មានផែនការដាំដុះ ផែនការចិញ្ចឹមច្បាស់លាស់ ផលិតផលរបស់បងប្អូននឹងធ្វើការផ្គត់ផ្គង់ចូលទីផ្សារមានស្ថេរភាព និងមានតំលៃ៕