(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌកំបូល បានចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដីនៅក្នុងតំបន់វិនិច្ឆ័យភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល ដើម្បីបានយកទៅប្រើប្រាស់ ស្របច្បាប់ក្នុងនាមជាម្ចាស់កម្មសិទ្ធិលើដីធ្លីរបស់ខ្លួន។
ជាពិសេសចៀសវៀងរាល់ការរំលោភបំពានយកពីជនខិលខូច ស្របតាមអនុក្រិត្យលេខ៤៦ អនុក្រ.បក ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០២ ស្ដីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ក្រោមដំណើរការ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
ពិធីនោះបានប្រព្រឹត្តទៅកាលពីវេលាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅក្នុងវត្តគោកខ្សាច់ ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមអធិបតីលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងមានការអញ្ជើញចូលរួមពីអភិបាលរងខណ្ឌ, លោក ប៉ុក បញ្ញាធិ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខណ្ឌកំបូល ព្រមទាំងមន្រ្តីរាជការសាលាខណ្ឌ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញលេខ០០៥/២១ សជណ បានឲ្យដឹងថា ក្រោយពីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីដែលមានការចុះបញ្ជីជាលក្ខណៈជាប្រពន្ធនេះហើយ ចំពោះប័ណ្ណសំគាល់ សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់) ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចែកដោយរដ្ឋបាលសុរិយោដីកន្លងមកនៅក្នុងតំបន់នេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ចាប់ពីថ្ងៃចែកប័ណ្ណថ្មីនេះតទៅហើយ។
នៅក្នុងសេចក្ដីជូនដំណឹងក៏បានសុំឲ្យម្ចាស់ក្បាលដីនៅក្នុងតំបន់ខាងលើប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់) ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក មេត្តាយកប័ណ្ណចាស់ទាំងនោះ ទៅប្រគល់ឲ្យមន្រ្តីរដ្ឋបាលសុរិយោដីភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ជាកំហិត។
នៅក្នុងឱកាសនោះលោក ឃឹម ស៊ុនសូដា បានថ្លែងប្រាប់ឲ្យប្រជាពលរដ្ឋទុកដាក់ និងថែរក្សាវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុនេះឲ្យបានល្អកុំឲ្យបាត់បង់ ជាពិសេសសូមយកទៅប្រើប្រាស់ដោយស្របច្បាប់។ ជាងនេះទៀត លោកក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាការពារខ្លួនទប់ស្កាត់ជម្ងឺដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងនោះត្រូវលាងដៃឲ្យបានញឹកញាប់ជាប្រចាំ ត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពផងដែរ៕