(ព្យុងយ៉ាង)៖ យោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងជើង បានចាប់ផ្តើមយុទ្ធនាការមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃវីរ៉ុស Zika។
វិធានការនេះ ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាល ក្នុងនោះរួមទាំងការបញ្ជាក់ជាសាធារណៈ ស្តីអំពីមេរោគ និងការត្រួតពិនិត្យយ៉ាងតឹងរឹង នៅស្ថានីយដាក់ដាច់ដោយឡែកពីគេ នៅតំបន់ព្រំដែន សម្រាប់ក្រុមអ្នកដំណើរ និងទំនិញ ដែលមកពីតំបន់រងផលប៉ះពាល់។ បុគ្គលិកសុខាភិបាល បាននឹងកំពុងផ្តល់ព័ត៌មានពីមូលហេតុ, គ្រោះថ្នាក់ និងវិធានការការពារ នៃវីរ៉ុសនេះ ទៅកាន់ពលរដ្ឋក្នុងតំបន់ ជាពិសេសស្ត្រីដែលមានផ្ទៃពោះ។
Zika គឺជាវីរ៉ុសមួយ ដែលចម្លងដោយសត្វមូស ប្រភេទ Aedes វាត្រូវបានរកឃើញជាលើកដំបូង នៅក្នុងឆ្នាំ១៩៤៧ នៅក្នុងតំបន់ព្រៃ Zika នៃប្រទេសអ៊ូហ្គង់ដា។ វីរ៉ុសនេះ ត្រូវបានគេសង្ស័យថា ជាមូលហេតុបណ្តាលឲ្យស្ត្រីមានផ្ទៃពោះ កើតទារកមកមានក្បាលតូចខុសពីធម្មតា។ ការរីករាលដាល នៃវីរ៉ុសនេះ ត្រូវបានគេរាយការណ៍ថា បានប៉ះពាល់ជាង ៣០ប្រទេស ហើយអង្គការសុខភាពពិភពលោក បានឲ្យដឹងកាលពីថ្ងៃទី១២កុម្ភៈថា ថ្នាំវ៉ាក់សុំាងវីរ៉ុស Zika គឺត្រូវការពេល១៨ខែ ដើម្បីធ្វើការសាកល្បងទ្រង់ទ្រាយធំ។
សូមជម្រាបថា រហូតមកដល់ពេលនេះ មិនទាន់មានករណីវីរ៉ុស Zika ណាមួយត្រូវបានរាយការណ៍ថា កើតឡើងនៅក្នុងប្រទេសកូរ៉េខាងជើងនៅឡើយទេ៕