(ព្រះវិហារ)៖ សម្ភារជាច្រើនមុខសម្រាប់បម្រើឱ្យការងារចុះល្បាតព្រៃត្រូវបានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដឹកនាំក្រុមការងារសហការជាមួយអាជ្ញាធរមូលដ្ឋាន យកទៅប្រគល់ជូនសហគមន៍ព្រៃឈើចំនួន៣ នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ។
នៅក្នុងពិធីប្រគល់សម្ភារបម្រើឱ្យការងារចុះល្បាតព្រៃ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោក ពឹង ទ្រីដា បានថ្លែងថា ក្នុងទិសដៅការពារនិងអភិរក្សព្រៃឈើ សត្វព្រៃ ឱ្យនៅគង់វង្ស រាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ត បានសម្រេចអនុញ្ញាតច្បាប់ឱ្យបង្កើតសហគមន៍ការពារព្រៃឈើ នៅតាម បណ្តារាជធានី ខេត្ត តាមតំបន់សំខាន់ៗនានា ក្នុងទិសដៅការពារព្រៃឈើ សត្វព្រៃឱ្យនៅគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍សម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ និងទុកសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
លោក ពឹង ទ្រីដា បានបន្ថែមថា ដើម្បីលើកទឹកចិត្តដល់សហគមន៍ព្រៃឈើ និងសមាជិកសហគមន៍ ក្នុងបេសកកម្មចុះល្បាតការពារព្រៃឈើប្រកបដោយភាពងាយស្រួល ទៀតនោះ មន្ទីរកសិកម្មខេត្តបាននាំសម្ភារបម្រើឱ្យការងារ ចុះល្បាតព្រៃជាច្រើនមុខទៀតរួមមាន អង្រឹង១០ឈុត ស្បែកជើងប៉ាត់តា១០គូរ អាវភ្លៀង១០អាវ សៀវភៅ១០ដុំ ប៊ិច១ប្រអប់ ទឹកលុប២ដើម សាក់កាដូ១០ឈុត ពិលប៉ារ៉ា១០គ្រឿង វិទ្យុ១០គ្រឿង ក្រម៉ា១០ តង់១០ និងខ្សែរសម្រាប់ចងតង់ចំនួន៥គីឡូ យកមកប្រគល់ឱ្យសហគមន៍ ព្រៃឈើសំព្រោងព្រៃស្នួល សហគមន៍ព្រៃឈើថ្នល់កែងត្រពាំងផ្ចឹក និងសហគមន៍ព្រៃឈើឪឡឹក ស្ថិតក្នុងស្រុករវៀង។
ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមអាជ្ញាធរខេត្តព្រះវិហារលោក ពឹង ទ្រីដា ក៏បានថ្លែងកោតសរសើរដល់សហគមន៍ព្រៃឈើ ក៏ដូចជាសមាជិក សហគមន៍ទាំងអស់នៅក្នុងខេត្តព្រះវិហារ ដែលកន្លងមកបានយកអស់ កម្លាំងកាយចិត្តខិតខំការពារអភិរក្សព្រៃឈើ សត្វព្រៃតាមតំបន់របស់ខ្លួនបានយ៉ាងល្អ។
លោក ពឹង ទ្រីដា ក៏បានណែនាំឱ្យសមាជិកសហគមន៍ទាំងអស់បន្តអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្លួន និងទៀងទាត់ ដើម្បីការពារកុំឱ្យឆ្លង មេរោគកូវីដ១៩ផងដែរ៕