(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរ តាមប្រព័ន្ធវីដេអូ នាថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងឱកាសនោះ ប្រធានរដ្ឋសភាកម្ពុជា និងប្រធានសភាប្រជាជនចិនទូទាំងប្រទេស នឹងថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងឱកាសបើក នៃកិច្ចប្រជុំ បន្ទាប់មកសមភាគីទាំងពីរ នឹងផ្តល់វេទិកាជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អមដោយគណៈកម្មការជំនាញចំនួន៤ របស់រដ្ឋសភា។ ចំណែកគណៈប្រតិភូជាន់ខ្ពស់សភាប្រជាជនចិនតំណាងទូទាំងប្រទេស ដឹកនាំដោយ លោក ចាន់ ឈុនស៊ាន អនុប្រធានសភាប្រជាជនចិនទូទាំងប្រទេស អមដោយគណៈកម្មាធិការជំនាញចំនួន៤ ររបស់សភាប្រជាជនចិនទូទាំងប្រទេស។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនៈយោបល់ និងការចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក លើប្រធានបទសំខាន់ៗមួយចំនួន ដើម្បីជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដែលមានដូចជា៖
* ការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់
* កិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងនឹងរោគរាតត្បាត
* ការស្តារសេដ្ឋកិច្ច នាដំណាក់កាលក្រោយរោគរាលដាល
* ស្ថានភាពអន្តរជាតិ និងក្នុងតំបន់។
រដ្ឋសភាកម្ពុជា និងសភាប្រជាជនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន មានកិច្ចសហប្របត្តិការគ្នាយ៉ាងស្អិតរមួតទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដែលកន្លងមក។ សភាប្រទេសទំាងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត និង បានគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានាជាប្រចាំផងដែរ៕