(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញេីសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានខ្លឹមសារថា៖ «ក្នុងឱកាសប្រកបដោយសិរីមង្គលដ៏ប្រសើរថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ជាបឋម ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមសម្តែងនូវអំណរសាទរប្រកបដោយក្តីសោមនស្សរីករាយ និងសូមជូននូវសព្ទសាធុការពរជ័យសិរីវឌ្ឍនមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូន សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លាវាងវៃ ចម្រើនជន្មាយុយឺនយូរ ដើម្បីរួមចំណែកក្នុងការដឹកនាំសង្គមជាតិ មាតុភូមិ ឲ្យទទួលបាននូវវឌ្ឍនភាពថ្មីៗ គួរជាទីមោទកភាពបន្តបន្ទាប់បន្ថែមទៀត»។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ «ខ្ញុំសូមគោរពកោតសរសើរដ៏ជ្រាលជ្រៅបំផុត ចំពោះវីរភាពឧត្តុង្គឧត្តម របស់ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ដែលជានិច្ចកាល សម្តេចតែងបានបំពេញបេសកកម្មចម្បងៗប្រកបដោយសក្តានុពល លះបង់កម្លាំងកាយ ចិត្ដ ឆន្ទៈ មនសិការ និងបទពិសោធន៍ ក្នុងការដឹកនាំស្ថាប័នក្រសួងមហាផ្ទៃ ទប់ស្កាត់បាននូវសកម្មភាពភេរវកម្ម បញ្ហាគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសទប់ស្កាត់បានឧបាយកលទុច្ចរិតដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ រួមទាំងអនុវត្តនីតិរដ្ឋ លិទ្ធិប្រជាធិបតេយ្យ រក្សាបានសុវត្ថិភាពសង្គម របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ ទទួលបានជោគជ័យត្រចះត្រចង់ជាបន្តបន្ទាប់ ធានាបាននូវមូលដ្ឋានសន្តិភាព ស្ថិរភាព ជាតិរឹងមាំ ក្រោមម្លប់ដ៏ត្រជាក់ នៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា»។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីជូន សម្តេចក្រឡាហោម ស ខេង៖