(មណ្ឌលគិរី)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ២០ស្ថាប័ន ធ្វើដំណើរទស្សនកិច្ច រយ:ពេល០៥ថ្ងៃ នៅដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី។
ទស្សនកិច្ចនេះចាប់ផ្តើមពីថ្ងៃ១៥ និងបញ្ចប់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដែលត្រូវបានរៀបចំឡើងរួមគ្នាដោយក្រសួងបរិស្ថាន និងអង្គការ WWF ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួង និងមន្ទីរបរិស្ថាន លោក សេង ទៀក នាយកអង្គការ WWF ព្រមទាំងបុគ្គលិកសំខាន់ៗនៃអង្គការ WWF សរុបទាំងអស់ចំនួនប្រមាណជាង ៥០រូប។
ទស្សនកិច្ចសារព័ត៌មាននេះត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាននៅកម្ពុជា និងអ្នកចូលរួមទាំងអស់ស្វែងយល់អំពីសារសំខាន់ និងសក្តានុពលរបស់ដែនជម្រកសត្វព្រៃស្រែពក ដែលជាបេះដូងនៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតសម្រាប់ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែប និងសម្រាប់ការស្តារឡើងវិញនូវប្រភេទសត្វព្រៃសំខាន់ដែលមានតម្លៃជាសកល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន និងសេដ្ឋកិច្ចជាតិ។
លោក នេត្រ ភក្ត្រា បានលើកឡើងថា៖ «ទស្សនកិច្ចនេះ ធ្វើឡើងស្របតាមគោលការណ៍របស់ក្រសួងបរិស្ថាន ដើម្បីលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាននៅកម្ពុជា ក្នុងការបន្ត និងបង្កើនការផ្សព្វផ្សាយរបស់ខ្លួនស្តីពីប្រធានបទបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីផ្តល់នូវព័ត៌មាន និងចំណេះដឹងឲ្យបានដល់ប្រជាជនគ្រប់ស្រទាប់ទាំងអស់នៅក្នុងសង្គមកម្ពុជា និងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើសត្វព្រៃដែលកម្ពុជាមានឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបន្ថែមទៀតថា៖ «ព័ត៌មាន និងចំណេះដឹងទាំងនេះ នឹងចូលរួមចំណែកបណ្តុះការស្រលាញ់បរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ ក្នុងចំណោមសាធារណជនកាន់តែច្រើនឡើងៗ និងបំផុសស្មារតីរបស់ប្រជាជនក្នុងការចូលរួមថែរក្សា និងការពារធនធានធម្មជាតិដ៏មានតម្លៃខ្ពស់សម្រាប់ជាតិកម្ពុជា ក៏ដូចជាសម្រាប់សកលលោកទាំងមូលដែរ»។
អស់រយៈកាលជាង២ទសវត្សរ៍មកហើយ អង្គការ WWF បាននិងកំពុងអនុវត្តការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុង វិស័យគ្រប់គ្រង និងការពារធនធានធម្មជាតិ។ ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន និងបណ្តាដៃគូផ្សេងៗទៀត អង្គការ WWF កំពុងគាំទ្រដល់ការគ្រប់គ្រង និងថែរក្សាធនធានជីវៈចម្រុះដ៏សម្បូរបែប នៅក្នុងដែនជម្រកសត្វព្រៃស្រែពក និង ដែនជម្រកសត្វព្រៃភ្នំព្រេច លើផ្ទៃដីសរុបប្រមាណ ៦,០០០គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី។
លោក សេង ទៀក នាយកអង្គការ WWF បានថ្លែងយ៉ាងដូច្នេះថា៖ «ដំណើរទស្សនកិច្ចនេះ នឹងផ្តល់ឱកាសដល់អ្នកសារព័ត៌មានក្នុងការទទួលបាននូវព័ត៌មាន និងចំណេះដឹងថ្មី ដែលអាចពង្រីកចក្ខុវិស័យផ្នែកព័ត៌មានសាធារណៈ សម្រាប់ការចូលរួមចំណែកផ្សព្វផ្សាយអំពីសារៈសំខាន់ និងតម្លៃដ៏វិសេសវិសាលគ្មានពីរនៃតំបន់ព្រៃទេសភាពនេះ ដល់ប្រជាជនកម្ពុជា»។
លោកបានបន្តទៀតថា៖ «តាមរយៈដំណើរទស្សនកិច្ចនេះ ភាពជាដៃគូល្អរវាងអង្គការ WWF និងក្រសួងបរិស្ថាន ត្រូវបានពង្រឹងឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងបុព្វហេតុគ្រប់គ្រង ស្តារ និងការពារឱ្យបាននូវ ធនធាន ធម្មជាតិ និងសត្វព្រៃជាច្រើនប្រភេទ ដែលមានតម្លៃសម្រាប់ការអភិរក្សជាសកល ក៏ដូចជាក្នុងការបន្តការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជនសហគមន៍មូលដ្ឋាន នៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេចនេះ»។
ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ជាទីជម្រករបស់សត្វដែលកំពុងទទួលរងការគំរាមកំហែងជាសកលជាច្រើនប្រភេទ រាប់បញ្ចូលទាំងប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ រួមមានដូចជា សត្វទន្សោង (Bos javanicus) សត្វដំរីអាស៊ី (Elephas maximus) សត្វក្រពើភ្នំ (Crocodylus siamensis) ដែលមានចំនួនសេសសល់ចុងក្រោយនៅក្នុងប្រទេស សត្វខ្លារខិន (Panthera pardus delacouri) ដែលជាចំនួននៅសេសសល់ចុងក្រោយសម្រាប់តំបន់ឥណ្ឌូចិន និងពពួកសត្វស្លាបដូចជាសត្វត្រយ៉ង សត្វត្មាត និងសត្វក្ងោកបៃតង ព្រមទាំងសត្វព្រៃសំខាន់ៗផ្សេងទៀត រាប់បញ្ចូលទាំងសត្វរមាំង សត្វខ្ទីង សត្វឈ្លូស សត្វប្រើស និងពពួកពានរផងដែរ។ មិនតែប៉ុណ្ណោះ ដែនជម្រកសត្វព្រៃទាំងពីរនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់នូវប្រភពធនធានកសិកម្ម និងអនុផលព្រៃឈើ ដល់ប្រជាជនសហគមន៍មូលដ្ឋានចំនួនប្រមាណជាង ៣០,០០០នាក់ ដែលកំពុងរស់នៅជុំវិញនិងក្បែរតំបន់អភិរក្សទាំងពីរនេះ។
ដោយមានការគាំទ្រថវិកាពីសំណាក់ទីភ្នាក់ងារជំនួយអាមេរិក USAID សហភាព អឺរ៉ុប(EU) រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់(BMZ) រដ្ឋាភិបាលប្រទេសប៊ែលហ្សិក(DGD) កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ UN Environment GEF រដ្ឋាភិបាលប្រទេសស៊ុយអែដ(Sida) IKEA Welthungerhilfe (WHH) Humanscale និងបណ្តាញអង្គការWWF (WWF-Belgium, WWF-Germany, WWF-Sweden, WWF-Switzerland, WWF-US) ការគ្រប់គ្រងតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃស្រែពក (ផ្ទៃដីសរុប ៣៧២៩.៧គីឡូម៉ែត្រការ៉េ) និងដែនជម្រកសត្វព្រៃភ្នំព្រេច (ផ្ទៃដីសរុប ២២២៥គីឡូម៉ែត្រការ៉េ) ផ្តោតលើការងារតាមដាន និងស្រាវជ្រាវជីវៈចម្រុះ ការកសាងសមត្ថភាពជំនាញសម្រាប់ការអនុវត្តច្បាប់ ការប្រយុទ្ធប្រឆាំងនឹងការបរបាញ់ ការជួញដូរសត្វព្រៃ និងព្រៃឈើខុសច្បាប់ ការទប់ ស្កាត់ ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ការអភិវឌ្ឍរបរចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋាន និងការអនុវត្តកម្មវិធីផ្សេងៗទៀតដើម្បីលើកទឹកចិត្ត និងកៀរគរការចូលរួមរបស់ប្រជាជនមូលដ្ឋានក្នុងការអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍន៍ ជីវភាពប្រកបដោយនិរន្តរភាព។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងកោតសរសើរដល់មន្រ្តីក្រោមឱវាទក្រសួងបរិស្ថាន អាជ្ញាធរខេត្ត អង្គការ WWF និងដៃគូទាំងអស់ថា៖ «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរាល់កិច្ចការដែលបានអនុវត្តរួមគ្នាយ៉ាងល្អ នាពេលកន្លងមក និងសូមកោតសរសើរចំពោះរាល់សមិទ្ធផលដែលមន្ទីរបរិស្ថាន អាជ្ញាធរខេត្តមណ្ឌគិរី អង្គការ WWF និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះរាប់បញ្ចូលទាំងការចូលរួមចំណែកយ៉ាងសំខាន់ពីប្រជាជនមូលដ្ឋានផងដែរ ក្នុងការគ្រប់គ្រង និងការពារនូវធនធានធម្មជាតិ រួមមានព្រៃឈើ សត្វព្រៃសំខាន់ៗ និងជីវៈចម្រុះច្រើនប្រភេទផ្សេងទៀត សម្រាប់ជាប្រយោជន៍បច្ចុប្បន្នដល់ប្រជាជន និងធម្មជាតិ ព្រមទាំងជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗទៀត»៕