(ត្បូងឃ្មុំ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះថា នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្តដាក់ឲ្យដំណើរការ អនុស្ថានីយអគ្គិសនីត្បូងឃ្មុំ តង់ស្យុង 230/115/22 គីឡូវ៉ុល ដែលមានទីតាំងស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ដែលបានសាងសង់ដោយក្រុមហ៊ុន TBEA មកពីប្រទេសចិន និងត្រួតពិនិត្យដោយវិស្វករអគ្គិសនីកម្ពុជា ដោយមានជំនួយពីទីប្រឹក្សាបច្ចេកទេស ពីអគ្គិសនីបារាំង (EDF) ។
លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «អនុស្ថានីយអគ្គិសនីត្បូងឃ្មុំ ជាសមិទ្ធផលផ្លែផ្កាដែលបានពីកិច្ចសហការគ្នាយ៉ាងល្អរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងខ្សែបញ្ជូន២៣០ គីឡូវ៉ុល ជាសហប្រត្តិបត្តិការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលដៅរួមគ្នាអភិវឌ្ឍន៍វិស័យអគ្គិសនី ចូលរួមចំណែកក្នុងការបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា»។
លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានបន្តថា នេះជាអនុស្ថានីយអគ្គិសនីទី១ ដែលដាក់ឲ្យដំណើការក្នុងខេត្តត្បូងឃ្មុំ ដែលពីមុនការផ្គត់ផ្គង់អគ្គិសនីក្នុងខេត្ត ត្រូវយកពីខេត្តកំពង់ចាម ព្រៃវែង និងនាំចូលពីវៀតណាម។ អនុស្ថានីយថ្មីនេះនឹងផ្គត់ផ្គង់ជូនខេត្តត្បូងឃ្មុំទាំងមូល ព្រមទាំងយកទៅជួយខេត្តព្រៃវែង តាមខ្សែបញ្ជូន ២៣០គីឡូវ៉ុល សាងសង់ដោយក្រុមហ៊ុន CHMC មកពីប្រទេសចិន (ដាក់ដំណើការដំបូងត្រឹម១១៥គីឡូវ៉ុល) ប្រវែង៤៥គីឡូម៉ែត្រថ្មីនេះ ហើយបន្តទៅខេត្តស្វាយរៀង តាមរយៈខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល ដែលមានស្រាប់ ដែលមានកំលាំងសរុបប្រមាណ ១៥០ មេហ្កាវ៉ាត់ ។
លោកបន្តថា អនុស្ថានីយអគ្គិសនីថ្មីនេះ មិនត្រឹមតែផ្តល់ឲ្យប្រជាជន នូវការផ្គត់ផ្គង់អគ្គិសនី ដែលមានស្ថិរភាព និងគុណភាពល្អជាងមុន ដោយសារយកប្រភពខិតមកជិតប្រជាពលរដ្ឋ នៅតំបន់នេះប៉ុណ្ណោះទេ វាក៏បានស្រូបយកប្រភពថាមពល ពីវារីអគ្គិសនីសេសាន និងពីប្រទេសឡាវ យកទៅផ្គត់ផ្គង់នៅតំបន់ភាគខាងកើត និងភាគខាងត្បូងព្រះរាជាណាចក្រកម្ពុជា ដែលបានកាត់បន្ថយបរិមាណថាមពលបាត់បង់ដ៏ច្រើន ក្នុងខ្សែបញ្ជូនដ៏វែង បើប្រៀបពីមុនត្រូវបញ្ជូនថាមពលមកដល់ភ្នំពេញសិន ហើយវង់មួយជុំវិលត្រលប់ ទៅភាគខាងត្បូងខេត្តណ្តាល ទើបបន្តទៅព្រៃវែង ដែលមានចម្ងាយលើសប្រមាណ ២០០គីឡូម៉ែត្រ។
ទន្ទឹមនិងការជួយបន្ថយថាមពលបាត់បង់លើខ្សែនេះ ដោយសារការយកថាមពលបែកទៅខេត្តព្រៃវែង និងស្វាយរៀងមួយចំនួនហើយនោះ គឺបានទុកលទ្ធភាពបង្កើនថាមពលបញ្ជូនពីភាគខាងជើង មកជួយភ្នំពេញបន្ថែមទៀតផងដែរ។
អនុស្ថានីយ និងខ្សែបញ្ជូនថ្មីនេះ បង្កើតជាខ្សែបញ្ជូនកងសុវត្ថិភាពតង់ស្យុងខ្ពស់ រវាងខេត្តត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ ភ្នំពេញ និងព្រៃវែង ដែលបង្កើនស្ថេរភាព និងជួយគ្នាទៅវិញទៅមក៕