(ភ្នំពេញ)៖ សមាជិកអតីតគណបក្សសង្គ្រោះជាតិនៅខណ្ឌមានជ័យចំនួន ៦៣នាក់ (ស្រី ៣៦នាក់) បានស្ម័គ្រចិត្តចូលរួមជាមួយជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានប្រកាសទទួលជាផ្លូវការនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។
ក្រោយពីបានទទួលសេចក្តីសម្រេចបញ្ចូលជាផ្លូវការរួចមក តំណាងសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ៣នាក់ បានឡើងបង្ហាញប្តេជ្ញាចិត្តស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់បក្ស ដើម្បីប្រយោជន៍ជាតិ និងប្រជាជន។ តំណាងសមាជិកទាំងបីនាក់នេះ ក៏បានបង្ហាញពីអារម្មណ៍សោកស្តាយចំពោះការយល់ខុសរបស់ខ្លួន ដោយបានទៅរួមរស់ជាមួយគណបក្សដទៃ ដែលគ្មានមនសិកាស្នេហាជាតិ និងប្រជាជនពិតប្រាកដផងដែរ។
ក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ចំពោះសមាជិកថ្មីដែលបានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ប៉ា សុជាតិវង្ស បានបន្តថា កាលពីមុន សមាជិកថ្មីទាំងនេះបានគិតខុសជឿលើការញុះញុងបំបែកបំបាក់ពីសំណាក់ជនអគតិមួយចំនួន ដើម្បីតែនយោបាយដ៏ខ្មៅកខ្វក់របស់ខ្លួន ប៉ុន្តែពេលនេះពួកគេបានត្រឡប់មកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញហើយ ដែលនេះគឺជាការបង្ហាញពីការរួបរួមគ្នាឡើងវិញ ក្នុងមហាគ្រួសារខ្មែរ ហើយបើមានការរួបរួមគ្នាខ្មែរនឹងអភិវឌ្ឍន៍ឆ្ពោះទៅមុខកាន់តែលឿន ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។
ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញរូបនេះ ក៏បានឧបត្ថម្ភអង្ករ ១បាវ (១០គីឡូក្រាម) និងថវិកា ៥ម៉ឺនរៀល ជូនដល់សមាជិកថ្មីម្នាក់ៗផងដែរ៕