(ក្រចេះ)៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និង ចែកកញ្ចប់អាហារជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១៤០គ្រួសារ ជូនបងប្អូននៅភូមិព្រែកតាហុប ឃុំខ្សាច់អណ្តែត និង១៤០គ្រួសារទៀត នៅភូមិល្វាធំ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។
អំណោយទាំងនេះ ទទួលបានការឧបត្ថម្ភពី សមាគម HASENE International e. V. នៃប្រទេសតួកគី សហការ ជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) សមាគមអភិវឌ្ឍន៍ នារីឥស្លាមកម្ពុជា (CIWODA) សមាគម សម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) សហភាពបញ្ញវន្តមុស្លិមកម្ពុជា (CMIU) ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២០ គីឡូក្រាម , ស្ករស ២គីឡូក្រាម, ប្រេងឆា ២លីត្រ, ត្រីខ ៤ កំប៉ុង, មី ១០កញ្ចប់, សាប៊ូដុសខ្លួន ៤ ដុំ, សាប៊ូលាងចាន ១ដប និង អំបិល ១គីឡូក្រាម។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់សមាគមសប្បុរសជន នៃប្រទេសតួកគី ដែលបានយកចិត្តទុកដាក់ផ្តល់អំណោយមកដល់ប្រជាពលរដ្ឋកម្ពុជា។
ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបន្តថា ទោះបីអំណោយនេះមិនច្រើនលើសលប់ឡើយ តែក៏ជាការចូលរួមដោះស្រាយតម្រូវការរបស់បងប្អូនបានមួយគ្រាៗផងដែរ៕