(កំពង់ធំ)៖ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា ផ្លូវលំមួយខ្សែប្រវែង២៣គីឡូម៉ែត្រ ពីឃុំរីង ដល់ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលជាការស្នើសុំរបស់ប្រជាពលរដ្ឋក្នុងស្រុក បានជួសជុលរួចជាស្ថាពរ១០០ភាគរយហើយ ដោយចំណាយទឹកប្រាក់ប្រមាណជា២៧លានរៀល។
ការបញ្ជាក់របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់រូបនេះ ធ្វើឡើងនាពេលដែលលោកបានចុះពិនិត្យមើលការដ្ឋានជួសជុលផ្លូវលំមួយខ្សែប្រវែង២៣គីឡូម៉ែត្រនេះ ក្នុងស្រុកសណ្តាន់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក គិន ប៊ុនលី, លោក យឹម សុបុត្រា, លោក ជៀក គឹមឡុង, លោក សាន វណ្ណេត, លោក ពាង ផារ័ត្ន ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោក លេង ផាលី បានឲ្យដឹងថា បន្ទាប់ពីការជួសជុលផ្លូវលំមួយខ្សែប្រវែង២៣គីឡូម៉ែត្រ ដែលចំណាយថវិកាប្រមាណ២៧លានរៀល ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំនេះ លោក និងក្រុមការងារបាននិងកំពុងបន្តចុះជួយប្រជាពលរដ្ឋបន្ថែមទៀត ដោយក្នុងនោះលោកបានចុះទៅជួបប្រជាពលរដ្ឋ និងបានជួយទិញដីមួយកន្លែង និងសាងសង់ផ្ទះជូនប្រជាជនក្រីក្រមួយគ្រួសារ។
លោកបន្ថែមថា ក្នុងរយ:ពេល១ឆ្នាំពេញ គិតពីខែមករា ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១ សរុបមានចំនួន១២លើកហើយ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ និងចែកជូនអំណោយដល់ប្រជាពលរដ្ឋ ដោយចំណាយថវិកាសរុបចំនួន ៣៦០,000,000,000 (បីរយហុកសិបលានរៀល)។
ជាមួយគ្នានេះដែរ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់រូបនេះ ក៏បានដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលរយៈពេលមួយឆ្នាំ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងតាមដានគាំទ្រ និងជំរុញសកម្មភាព
កំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ និងធ្វើវេទិកាសាធារណៈ នៅឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដើម្បីរកបញ្ហាប្រឈមដោះស្រាយជូនប្រជាពលរដ្ឋ។
លើសពីនេះទៅទៀត ក្រុមការងារទាំងអស់ក៏បានចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ ១៖ អង្ករសែនក្រអូប១០០% ១ការ៉ុង ២៥kg, ២៖ មី១កេសស្មើ ៥០ កញ្ចប់, ៣៖ ទឹកស៊ីអ៊ីវ ១យួរស្មើ ៦ដប, ៤៖ ទឹកត្រី ១យួរស្មើ ៦ដប, ៥៖ អាលកុល១ដបចំនុះ២៥០ml, ៦៖ ជេល១ដប ចំនុះ២៥០ml, ៧៖ ម៉ាស់ ៥០០ម៉ាស់, ៨៖ សាប៊ូ១ដបចំនុះ ៥០០ml, ៩៖ ពូជសំរាប់ដាំដំណាំចំនួន ៥ មុខ (ត្រឡាច,ត្រសក់ស្រូវ, ននោង, ស្ពៃ និង ល្ហុង), ១០៖ថវិកាចំនួន ២ ម៉ឺនរៀល, ១១-ថ្នាំពេទ្យផ្លូវចិត្តទុកពិសា១ខែ, ១២៖ ថ្នាំពេទ្យជំងឺទូរទៅ និង១៣៖ ទឹកសុទ្ធមួយយួរ១២ដប សរុបថវិកាមានចំនួន ៣៦,០០០,០០០ (សាមសិបប្រាំមួយលានរៀល)។
ក្រៅពីនោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានចុះពិនិត្យព្យាបាល និងចែកជូនថ្នាំពេកពេទ្យដោយឥតគិតថ្លៃ រួមមាន៖ ជំងឺផ្លូវចិត្ត សន្លាក់ឆ្អឹង ក្រពះ ពោះវៀន ជំងឺទូទៅ និងចែកថ្នាំមុលទីវីតាម៉ីន វីតាម៉ីនសេ ចំនួន១៥៣នាក់។
សូមបញ្ជាក់ថា ការចែកជាអំណោយដល់ប្រជាពលរដ្ឋ និងថ្នាំពេទ្យដល់អ្នកជំងឺទាំង៤០គ្រួសារ គឺជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំដោយលោក ជា វ៉ាន់ចាន់៕