(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំវេទិកាតុមូល និងសន្និសីទសារព័ត៌មា អំពីសក្តានុពល និងផែនការយុទ្ធសាស្រ្តឆ្នាំ២០២១-២០៣០ របស់សាកលវិទ្យាល័យ ក្រោមអធិបតីភាពលោក សុខ ឃន សាកលវិទ្យាធិការ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១ នៅសាលសន្និសីទមហានគរនៃសាកលវិទ្យាល័យបាត់ដំបង។
ថ្នាក់ដឹកនាំរួមមានលោកសាកលវិទ្យាធិការ លោកបណ្ឌិតសាកលវិទ្យាធិការរង លោកបណ្ឌិតព្រឹទ្ធបុរសគ្រប់មហាវិទ្យាល័យ លោកបណ្ឌិតនាយកសាលាក្រោយបរិញ្ញាបត្រ និងលោកនាយកវិទ្យាស្ថានភាសាបរទេសជាវាគ្មិនកិត្តិយសបានចែករំលែកព័ត៌មាន សក្តានុពលភាពរបស់សាកលវិទ្យាល័យទាំងមូល និងអង្គភាពបណ្តុះបណ្តាលនីមួយៗនៅក្នុងវេទិកានេះ។ អ្នកសារព័ត៌មានជាតិ អង្គភាពមន្ទីរជុំវិញខេត្ត លោកនាយកវិទ្យាល័យទូទាំងខេត្ត តំណាងវិស័យឯកជន តំណាងអង្គការក្រៅ រដ្ឋាភិបាលជាតិ-អន្តរជាតិ និងនិស្សិតសុឆន្ទៈបានចូលរួមនៅក្នុងពិធីនេះប្រមាណជា ៣៥០នាក់។ ការរៀបចំអង្គពិធីនេះបានធ្វើឡើងក្រោមការអនុវត្តស្តង់ដាសុវត្ថិភាព (SOP) តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល។
នៅក្នុងអង្គវេទិកានេះដែរ លោក សុខ ឃន សាកលវិទ្យាធិការបានសង្កត់ធ្ងន់ថាសាកលវិទ្យាល័យជាតិបាត់ដំបងមានសក្តានុពលភាពសំខាន់ៗចំនួន៧ រួមមានទី១ ធនធានរូបវន្ត និងធនធានសិក្សាបម្រើឱ្យការសិក្សានិងការស្រាវជ្រាវដ៍សម្បូរបែប ទី២មានយន្តការច្បាស់លាស់ក្នុងការផ្តល់សេវានិស្សិត ដែលជួយដល់ការសិក្សានិងការស្វែងរកការងារ ទី៣មានធនធានសាស្រ្តាចារ្យបង្រៀននិងស្រាវជ្រាវ ដែលមានសញ្ញាបត្រទាំងក្នុងនិងក្រៅប្រទេស ទី៤កម្មវិធីសិក្សាស្របតាមស្តង់ដាអប្បបរមាជាតិ និងអន្តរជាតិ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ទី៥មានដៃគូអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រហូតដល់ជាង៤០ ហើយជាសាកលវិទ្យាល័យឈានមុខគេក្នុងប្រទេសកម្ពុជា ដែលទទួលបានគម្រោងអភិវឌ្ឍន៍ Erasmus+ ដែលផ្តល់មូនិធិដោយសភាពអឺរ៉ុបច្រើនជាងគេ (១៧គម្រោង) ទី៦មានប្រព័ន្ធធានាគុណភាពអប់រំរឹងមាំ និងទី៧មានផែនការយុទ្ធសាស្រ្តឆ្នាំ២០២១-២០៣០ ដែលមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ ក្រោមការជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដោយរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក។
ឆ្លៀតនៅក្នុងឱកាសនេះដែរ សាកលវិទ្យាល័យជាតិបាត់ដំបងបានផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការជ្រើសតាំងនិស្សិតទូតសុឆន្ទៈរបស់សាកលវិទ្យាល័យ ដែលមានចំនួន៥៧០នាក់។ និស្សិតទូតសុឆន្ទៈមានភារកិច្ចចម្បងជាអ្នកនាំសារអំពីវឌ្ឍនភាព សក្តានុពលភាព និងការពារកិត្យានុភាពរបស់សាកលវិទ្យាល័យទៅសហគមន៍ និងពីសហគមន៍មកសាកលវិទ្យាល័យ។ ពួកគេនឹងនាំសារការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យទៅកាន់គ្រប់មជ្ឈដ្ឋាន ជាពិសេសប្អូនៗ និងសាធារណៈជនដែលកំពុងស្វែងរកគ្រឹះស្ថានឧត្តមសិក្សាដើម្បីបន្តការសិក្សាក្នុងកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដើម្បីធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ៕